ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ចង ក សម្លាប់ខ្លួន នៅរោងស័ង្កសីទុកចោលក្នុងដីឡូតិ៍មួយកន្លែង បង្កអោយមានការ ភ្ញាក់ផ្អើល កាលពីម៉ោងជាង៧ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមមាត់ប្រឡាយ ទឹកស្អុយក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសដែលគិតខ្លី រត់ទៅចង ក រូបនេះមាន ឈ្មោះ នៅ សារ៉ន អាយុ៣៣ឆ្នាំ ជាអ្នកជួយលក់បបរអោយម្តាយ មានលំនៅដ្ឋានក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
មន្រ្តីនគរបាលមូលដ្ឋានបានអោយដឹងថា បុរសរូបនោះបានចង ក សម្លាប់ខ្លួន ដោយបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HR-7036។
តាមប្រភពព័ត៌មាន បានអោយដឹងថា នៅព្រឹកដែលមានការភ្ញាក់ផ្អើលនោះ អ្នកភូមិបានដឹកគោទៅឃ្វាល នៅក្នុងដីឡូតិ៍នោះ ក៏បានប្រទះឃើញម៉ូតូមួយគ្រឿង ទុកចោល និងប្រទះឃើញ បុរសរូបនោះ ចង ក សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ ទៅនគរបាលមូលដ្ឋាន បង្កអោយមានការភ្ញាក់ផ្អើលតែម្តង។
តាមព័ត៌មានបានអោយដឹងថា នៅវេលាយប់ គេឃើញបុរសនោះ បានជិះម៉ូតូចូលទៅក្នុងដីឡូតិ៍ ដោយមានស្រាបៀរ យកទៅផឹកផងដែរ មិននឹកស្មានថា បន្ទាប់ពីផឹកស្រារួចហើយ ក៏បានចងកសម្លាប់ខ្លួនបែបនេះ។
ប្រភពពីក្រុមគ្រួសារ បានអោយដឹងថា មូលហេតុ ដែលធ្វើអោយបុរសរូបនោះគិតខ្លី ដោយតែមានវិបត្តិក្នុងគ្រួសារ ដែលស្រ្តីជាប្រពន្ធនាំកូនតូចម្នាក់ ចុះចោលផ្ទះ ទៅរៀបការជាមួយប្រុសថ្មី។ បន្ទាប់ពី នគរបាលត្រួតពិនិត្យ រួចសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕