កណ្តាល៖ បុរសល្មោភកាមម្នាក់ បានចាប់កូនស្រីរបស់ប្ដីដើមរំលោភសេពសន្ថវៈ រហូតបានសម្រេចជាច្រើនលើកច្រើនសា ហើយថែមតាំងថតជាវីដេអូទុកមើលទៀត តែទីបំផុតអំពើអាក្រក់ក៏ត្រូវបែកការដឹងដល់សមត្ថកិច្ច ចុះទៅចាប់វាយខ្នោះ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នៅក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
មន្រ្ដីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថាជនសង័្សយ ឈ្មោះទេព តុលា អាយុ៣៥ឆ្នាំជនជាតិខ្មែរ(ឪពុកចុង)មានមុខរបរជាងម៉ាស៊ីនត្រជាក់ មានលំនៅក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ
ក្រុងតាខ្មៅ ខេត្តកណ្តាល។ រីឯយុវតីរងគ្រោះ ឈ្មោះ ក ស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស រស់នៅខេត្តកណ្ដាល។
មន្រ្ដីនគរបាលក្រុងតាខ្មៅ បានរៀបរាប់តាមដំណើររឿងថា កាលពី៤ឆ្នាំមុន ឪពុកម្តាយបង្កើតរបស់យុវតីរងគ្រោះបានរស់នៅមិនចុះសម្រុងនឹងគ្នា ទើបចេញផ្លូវគ្នាដើរ (លែងលះគ្នា)។ រីឯយុវតីរងគ្រោះជាកូនទី១ ក្នុងចំណោមបងប្អូន៣នាក (ប្រុសម្នាក់)។ ប៉ុន្ដែឪពុករបស់នាងក៏មានប្រពន្ធថ្មី ហើយនាងរស់នៅជាមួយនឹងម្ដាយរហូតមក។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលលែងលះគ្នាហើយ ម្ដាយរបស់យុវតីរងគ្រោះក៏មានទំនាក់ទំនងជាមួយនឹងបុរសម្នាក់ (ជនសង័្សយ) រហូតធ្វើឲ្យពួកគេទាំង២នាក់យល់ចិត្ត ថ្លើមគ្នាទៅវិញទៅមក។ លុះមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះក៏បានរៀបការប្តីក្រោយ (ជនសង័្សយ)។
ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ពីជនរងគ្រោះបានចូលរួមផឹកស៊ី នៅក្នុងពិធីនោះ រហូតដល់ស្រវឹងដេកលក់ក្នុងដំណេក ស្រាប់តែនៅពាក់កណ្តាលយប់ ឪពុកចុងចិត្តតិរច្ឆានរូបនេះបានលបចូលទៅចាប់រំលោភ រហូតបានសម្រេចជាលើកដំបូង។ លុះមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ម្តាយ និងឪពុកចុងរបស់នាងបាននាំនាង ទៅធ្វើពិធីកាត់ចំណងដៃ នៅឯខេត្តស្វាយរៀង ហើយឃើញឱកាសល្អ ក៏ចាប់នាងរំលោភបានសម្រេចម្តងទៀត។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលរំលោភបានសម្រេចចំនួន២ដងរួចមកហើយ បុរសតិរច្ឆានរូបនេះ បានបន្ដចាប់នាងរំលោភ រហូតបានសម្រេចម្តងទៀត ខណៈដាច់ភ្លើង ហើយថែមទាំងថតវីដេអូទុកមើលបន្ថែមទៀត។ លុះក្រោយមកទៀត ជនសង័្សយបានសុំនាងរួមភេទបន្តទៀត។ ប៉ុន្ដែជនរងគ្រោះមិនព្រម ទើបជនសង្ស័យបានយកវីដេអូនោះមកគំរាមថា បើមិនព្រមឲ្យគេរួមរ័កទេ គេនឹងយកវីដេអូនោះ បង្ហោះនៅលើ facebook ឲ្យគេដឹង ទើបជនរងគ្រោះយល់ព្រមឲ្យរួមភេទជាបន្តបន្ទាប់ រហូតបានសម្រេចចំនួន៨ដង។
ប្រភព័ត៌មានដដែល បានបន្ដថា ក្រោយពេលគំរាម និងចាប់បង្ខំរួមរ័កជាច្រើនលើកពេក ធ្វើឲ្យនាងអត់ទ្រាំលែងបាន ទើបនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះបានយករឿងរ៉ាងទាំនោះទៅរាប់ប្រាប់ម្តាយរបស់នាង។ ប៉ុន្ដែម្តាយរបស់នាងគ្រាន់ស្តីបន្ទោសដល់ឪពុកចុងបីបួនមាត់តែប៉ុណ្ណោះ។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលឃើញសកម្មភាពម្ដាយបែបនេះ ធ្វើឲ្យជនរងគ្រោះខឹង ហើយក៏ឈប់រៀន រួចរត់ទៅរស់នៅជាមួយម្តាយមីង ប្រកបរបរស៊ីឈ្លួលលាងចានឲ្យគេនៅក្នុងខេត្តព្រៃវែង។ ប៉ុន្ដែបន្ទាប់ពីទទួលដំណឹងថា ជនរងគ្រោះឈប់រៀន ឪពុកបង្កើតរបស់នាងបានហៅនាងឲ្យទៅរស់នៅជាមួយ នៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ដោយឡែកឪពុកបង្កើតរបស់ជនរងគ្រោះ ក៏បានប្រាប់នាងឲ្យទៅយកខោអាវទាំងអស់ នៅក្នុងផ្ទះម្ដាយបង្កើតរបស់នាងមករស់នៅជាមួយគាត់ជាឪពុកបង្កើត។ លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះបានត្រឡប់ចូលផ្ទះ ដើម្បីរៀបចំខោអាទៅរស់នៅជាមួយឪពុកបង្កើតវិញ ហើយក៏ជួបនឹងជនសង្ស័យជាឪពុកចុង។ ប៉ុន្ដែនៅពេលនោះពួកគេបានឈ្លោះប្រកែកគ្នា ហើយជនសង័្សយបានវាយធ្វើបាបនាង ទើបនាងមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដោយរៀបរាប់តាមដំណើររឿងខាងលើនេះ។
ក្រោយពេលមានពាក្យបណ្ដឹងពីជនរងគ្រោះ ទើបសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕