បន្ទាយមានជ័យ ៖ កម្លាំងនគរបាលវរសនាតូចការពារព្រំដែនគោក៩១១ នៃខេត្តបន្ទាយមានជ័យបានធ្វើការដឹកបញ្ជូនបុរសម្នាក់ទៅកាន់មន្ទីរពេទ្យបង្អែកដើម្បីជួយសង្គ្រោះបន្ទាន់ខណៈដែលរងគ្រោះដោយជាន់មីន។ ហេតុការណ៍ជួយសង្គ្រោះធ្វើឡើងនៅវេលម៉ោង៨យប់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១ នៅចំនុចព្រៃចំការមីនតំបន់ព្រំដែន មុខគោលដៅដើមផ្ចឹក នៃប៉ុស្តិ៍ដើមកកោះ ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោក រស់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលការពារព្រំដែន បឹងសាគូ បានអោយដឹងថា នៅវេលាយប់កើតហេតុគេបានលឺសំឡេងផ្ទុះយ៉ាងខ្លាំងចេញពីចំនុចចំការមីន ដោយសន្និដ្ឋានថាប្រាកដជាមានអ្នកដើរជាន់មីននៅទីនោះហើយ។
ភ្លាមនោះកម្លាំងជំនាញរបស់វរៈ៩១១ ១ក្រុមក៏បានចេញអន្តរាគមន៍ដោយចូលទៅរកចំនុចដែលរងការផ្ទុះនោះហើយក៏បានប្រទះឃើញបុរសម្នាក់ដេកដួលនៅកន្លែងកើតហេតុ ។
ជនរងគ្រោះដែលសង្គ្រោះចេញពីចំការមីនមានឈ្មោះ យឿន រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាកម្មករនៅប្រទេសថៃ មានទីលំនៅភូមិកើតហេតុខាងលើ។
យោងតាមសម្តីមន្ត្រីនគរបាលដដែលបានបញ្ជាក់អោយដឹងថា បុរសរងគ្រោះបានលួចឆ្លងដែនចេញពីប្រទេសថៃចូលមកកម្ពុជាវិញដោយគេចវេសចេញពីកម្លាំងការពារដែលឈរជើងតាមបន្ទាត់ព្រំដែន ហើយក៏ដើរកាត់ព្រៃចំការមីនជាន់ផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរដាច់ជើងខាងស្តាំ ។
លោកវសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន៩១១ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងផ្ទាល់ចុះជួយសង្គ្រោះយកជនរងគ្រោះចេញពីព្រៃចំការមីន រួចយករថយន្តស៊ីរ៉ែនដឹកជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ដើម្បីសង្គ្រោះបន្ទាន់ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានលើកឡើងថាហេតុការណ៍គ្រោះថ្នាក់នេះគឺបណ្តាលមកពីការគេចវេសនៃការធ្វើចត្តាឡីស័ក១៤ថ្ងៃនិងគេចពីកម្លាំងសមត្ថកិច្ចឈរជើងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ទើបបណ្តាលអោយរងគ្រោះដូច្នេះ។លោកអំពាវសុំអោយបងប្អូនកុំបន្តគេចវេសហើយចូលខ្លួនមកធ្វើចត្តាឡីស័កទាំងអស់គ្នាដើម្បីប្រទេសជាតិ សហគមន៍និងគ្រួសារយើងមិនមានការរីករាលដាលជម្ងឺកូវិដ១៩៕