ភ្នំពេញ ៖ ជួបគ្នាឆាប់ៗ ជាមួយមហាព្រឹត្តការណ៍ដ៏អស្ចារ្យ រាត្រីស្រមោសរ Super Gala Dinner គ្រួសារកក់ក្តៅឆ្នាំ២០២១ រួមនឹងការបង្ហាញអ្នកដឹកនាំក្រុមហ៊ុនទាំង១៣ ព្រមជាមួយ Hero ជាមួយនឹងការប្រគល់ពានរង្វាន់ រង្វាន់មហាសាល ឡានស៊េរីទំនើបៗ បែបអភិជន។
កម្មវិធីដ៏អស្ចារ្យនេះ ក៏ទទួលបានការអញ្ជើញចូលរួម ជាគណៈអធិបតី ពីឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធាន គ.ប.ផ.ក និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃទទួលភារកិច្ចប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិតក្រុមហ៊ុនគ្រួសារកក់ក្តៅ បានថ្លែងថា ក្នុងនាមជា ស្ថាបនិតក្រុមហ៊ុនគ្រួសារកក់ក្តៅ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់ជាន់ថ្នាក់ និងសមាជិកគ្រួសារកក់ក្តៅទាំងអស់ ពិតជាទទួលបានមហាកិត្តិយសយ៉ាងក្រៃលែងក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ដោយមានការចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាប្រធាន គ.ប.ផ.ក និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកកិច្ចប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងការប្រគល់ពានរង្វាន់ជូនតំណាងចែកចាយ។
លោកឧកញ៉ា អ៊ុច សម្បត្តិ មានប្រសាសន៍បន្តថា ៖ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមក្នុងពិធីប្រគល់ពានប្រចាំឆ្នាំ កាន់តែធ្វើអោយខ្ញុំនិងសមាជិកគ្រួសារកក់ក្តៅទាំងមូល ខិតខំប្រឹងប្រែងដាក់ជីវិតធ្វើអោយក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្តៅកាន់តែរីកចំរើន ដើម្បីឈានចូលទីផ្សារអាស៊ានអោយខានតែបាននាពេលខាងមុខនេះ។
ជាការកត់សម្គាល់ឃើញថា លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិតក្រុមហ៊ុនគ្រួសារកក់ក្តៅ គឺជាថ្នាក់ដឹកនាំ ដ៏ល្អ តែងតែយកចិត្តទុក ចំពោះបុគ្គលិកគ្រប់រូប ក្នុងនោះដែរ លោកឧកញ៉ា ក៏មានការមមាញឹក ជាមួយការសង្គមជាច្រើនផងដែរ៕