ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែករស់នៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញបានទទួលការពិនិត្យភ្នែកដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញ។ការពិនិត្យព្យាបាលនេះមានរយះពេល១នៅថ្ងៃទី២៣ខែមករាតទៅនៅមណ្ឌលសុខភាពខណ្ឌទួលគោក។
លោកវេជ្ជបណ្ឌិត ង៉ិល វុធ អនុប្រធានមន្ទីរព្យាបាលភ្នែក ហូសេងភ្នំពេញបានឱ្យដឹងថា៖កម្មវិធីផ្សព្វផ្សាយ អប់រំ អំពីរបៀបថែទាំ សុខភាពភ្នែកនិងការពិនិត្យព្យាបាលភ្នែកជូនដល់ប្រជាជននេះគឺដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យសុខាភិបាលជាពិសេសផ្នែកចក្ខុនិងចង់ឱ្យប្រជាពលរដ្ឋខ្មែរមានសុខភាពភ្នែកល្អ។
លោកបានបន្ថែមថា៖នេះជាលើកទី១ ដែលមន្ទីរព្យាបាលភ្នែក ហូសេងភ្នំពេញបានពិនិត្យភ្នែក ព្យាបាលភ្នែកនិង ចែកវ៉ែនតា ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃដូចជាការថតបាតភ្នែកថតសរសៃភ្នែកតាមរយៈម៉ាស៊ីនទំនើបៗនិងការផ្តល់ប្រឹក្សាពីការថែរក្សាភ្នែក។
លោកបានបញ្ជាក់ថា៖សកម្មភាពមនុស្សធម៌នេះ នឹងបន្តធ្វើដូច្នេះទៅដល់គ្រប់ខណ្ឌផ្សេងៗទៀតនៅរាជធានីភ្នំពេញ ។
លោកយឹមដេតប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខនិងតំណាងមណ្ឌលសុខភាពខណ្ឌទួលគោកបានមានប្រសាសន៍ថា៖សកម្មភាពពិនិត្យព្យាបាលភ្នែកដោយឥតគិតថ្លៃនេះជាសកម្មភាពសប្បុរសធម៌មួយដែលអាចជួយដោះស្រាយជូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក។
ទាក់ទងនឹងមន្ទីរព្យាបាលនេះ លោកលោកវេជ្ជបណ្ឌិត ង៉ិល វុធ បានឱ្យ ដឹងថាមន្ទីរព្យាបាលភ្នែក ហូសេងភ្នំពេញគឺជាមន្ទីរព្យាបាលភ្នែកដែលមានស្តង់ដារជាមួយនឹងគ្រូពេទ្យដែល មានជំនាញនិង បទពិសោធន៍ផ្នែកភ្នែកជាយូរឆ្នាំមកពីទីក្រុងសៀងហៃប្រទេសចិននិងមានបំពាក់នូវម៉ាស៊ីនដែលទំនើ ជាមួយនឹងស្តង់ដារខ្ពស់សំរាប់ការធ្វើរោគវិនិច្ឆ័យក្នុងការវះកាត់ភ្នែកនិងប្រកបដោយផាសុខភាពដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកជំងឺ។មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញមានទីតាំងស្ថិតនៅកោះពេជ្រក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។មន្ទីរពេទ្យមានបច្ចេកវិទ្យាវេជ្ជសាស្ត្រ ឧបករណ៍វេជ្ជសាស្ត្រ និងមានគុណភាពសេវាកម្មវេជ្ជសាស្រ្តល្អ៕កុសល