ការប្រឡងចម្រៀងរដូលកាលទី១ រៀបចំដោយក្រុមហ៊ុន ទ្រី ដាណា ខូអិលធីឌី ដែលបានពុះពារ អស់ជាច្រើនថ្ងៃ កន្លងមកបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រត្រ័កាលពីយប់ថ្ងៃទី ៧ មករា ឆ្នាំ២០២១។ នេះជាជុំទី១ ដោយជុំទី២ បេក្ខជនបន្តទៀតនឹងមកប្រឡងដើម្បីឡើងវគ្គចុងក្រោយ។
ការប្រឡងចម្រៀង បេក្ខជនជុំទី១ ដែលមាន១១ រូបកាលពីមុននេះ ឃើញថា មានភាពតានតឹងណាស់ ទាំងអ្នកប្រឡង និង គណៈកម្មាការ។ អ្វីដែលយើងមើលឃើញ វិដេអូឃ្លីប បង្ហាញជូនគឺ ប្អូនៗមកប្រឡង សុទ្ឋតែមានជីវិតកម្សត់ តស៊ូខ្លះបាត់បង់ម្តាយខ្លះបាត់បង់ឪពុកក៏ឃើញ ធ្វើអោយអ្នកតាមដាន និង គណៈកម្មាការ ហើយពិធីការិនីម្នាក់ៗអួលដើមកកល់ចង់យំដែរ។ ការប្រកួតជ្រើសរើស សំឡេងជាគោល និងកាយវិការ ការតុបតែងកាយសមជាតារា នេះជាការចង់បានរបស់អ្នកដាក់ពិន្ទុ។ ឆ្លងកាត់ការច្រៀងលើវេទិកា តន្ត្រីទំនើបជាមួយឆាកធំរំលេចភ្លើងពណ៌ឆ្វេចឆ្វាច ហើយបទចម្រៀងទាំងអស់បេក្ខជន ជាអ្នកជ្រើសខ្លួនឯងមកប្រឡងជាបទដែលគិតថាសមនិង សំឡេង។ ជាការមើលឃើញ អស់រយៈពេលជាច្រើននាទី នៃការLive របស់ផេកសំនៀងពេជ្រNNP ឃើញថា កម្មវិធីរកបានជើងខ្លាំង៣រូបឆ្ពោះទៅវគ្គចុងក្រោយ ដែលគិតថាមានសមត្ថភាពលើស៨រូបផ្សេងទៀត។ អ្នកជាប់ទាំង៣ មានបេក្ខជន ភេក សុីណាត បេក្ខជន សិលា ដារ៉ូ និង បេក្ខជសៅ សុវណ្ណារ៉ា។ ពួកគេបានឡើងអង្គុយកៅអី កិត្តិយស៣នាក់ដំបូងសិន។ យើងនៅសល់បេក្ខជន១១រូបផ្សេងទៀតដែលហៅថាប្រកួតដំណាក់កាលទី២ ហើយនឹងរើស៣រូបដែរ។ សរុបបេក្ខជន៦រូប យកមកជុំចុងក្រោយ។ ៦នាកយក៣រូបជាម្ចាស់ជ័យលាភី ដោយលេខ១ ឈ្នះទឹកប្រាក់១មុឺនដុល្លារ។
បើយោងលើការបញ្ជាក់របស់គណៈកម្មាការទាំង៣ ដែលជាតារាសិល្បៈចាស់ទុំ បាននិយាយថា ដ្បិតតែបេក្ខជនមានភាពកម្សត់ៗរៀងខ្លួន តែយើងទាំង៣ បានព្យាយាមញែកអោយដាច់ពី មនោសញ្ចេតនា និងសំឡេងពិតសមត្ថភាពពិត។ ដូចនេះកុំអាងថាខ្លួនកម្សត់ ហើយគិតថាអាណិត តែសំខាន់យើងត្រូវធ្វើអោយ បានល្អផ្ចង់លើការច្រៀង ការលើកដាក់សំឡេងជាគោល។