បរទេស៖ នៅល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នឹងមានបាតុភូតដ៏កម្រមួយ បានកើតឡើង រវាង ភពព្រហស្បតិ៍ និងភពព្រះសៅរ៍ បានរំកិល មករកគ្នា បង្កើតបានជាកន្លងត្រួតស៊ីគ្នា ដែលមើលទៅដូចជាភពទាំង២នេះលេបគ្នាអ៊ីចឹងដែរ។
បើតាមសារព័ត៌មាន Space ចេញផ្សាយ នៅព្រឹក ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ថា បាតុភូតធម្មតាដ៏កម្រមួយនឹងកើតឡើង តាមអ្វីដែលក្រុមតារាវិទូឲ្យឈ្មោះថា «Great Conjunction» ឬ «បាតុភូតស្ទើរត្រួតស៊ីគ្នា រវាងភពព្រហស្បតិ៍ និងភពសៅរ៍» ហើយនេះជាភពឧស្ម័នធំជាងគេបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ បាតុភូតនេះ នឹងកើតឡើង នៅល្ងាច ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ (សម្រាប់ពេលវេលានៅអាមេរិក) និងល្ងាចថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ (សម្រាប់ពេលវេលានៅកម្ពុជា)។ ប្រជាពលរដ្ឋ ទាំងនៅសហរដ្ឋអាមេរិក និងកម្ពុជា អាចមើលឃើញបាតុភូត Great Conjunction បានដូចគ្នា។
ក្រុមតារាវិទូ បានចាត់ទុកបាតុភូតនេះថា «បាតុភូតមហាកម្របំផុតនោះ» ព្រោះបើយើងខកខាន មិនបានមើលនាពេលនេះ គឺយើងគ្មានថ្ងៃអាចទស្សនាវាម្តងទៀតឡើយ ហើយមានតែមនុស្សជំនាន់ក្រោយ នៅលើផែនដី អាចនឹងរង់ចាំមើល រហូតដល់ រយៈពេលឆ្នាំ២៤០០ ទើបអាចមើលឃើញបាតុភូត Great Conjunction ម្តងទៀត។ យើងអាចនឹងរង់ចាំមើល បាតុភូត Great Conjunction បាន ចាប់ពីពេលវេលាម៉ោង ៥ និង៣០នាទីល្ងាច រហូតដល់ម៉ោង ៧ និង៣០នាទីយប់ នៅទិសនិរតី ។
សូមបញ្ជាក់៖ យើងនឹងឃើញពន្លឺផ្កាយពីរ ដោយមួយធំ និងមួយទៀតរាងតូច (ផ្កាយធំ ជាភពព្រហស្បតិ៍ ហើយផ្កាយតូច ជាភពសៅរ៍) ស្ថិតនៅកៀកគ្នាខ្លាំង នៅលើផ្ទៃមេឃ ចំទិសនិរតី។ បើគេនិយាយឲ្យត្រូវ វាមិនមែនជាផ្កាយនោះឡើយ ព្រោះភពទាំង២នេះ មិនអាចបញ្ចេញពន្លឺ ដោយខ្លួនឯងបាន។ ប៉ុន្តែបើតាមធម្មតា មនុស្សយើង ពេលមើលអ្វីឃើញដុំភ្លឺៗ នៅលើផ្ទៃមេឃ នាពេលរាត្រី ក្រៅពីព្រះចន្ទ ក៏សន្មត់ហៅវាថា ផ្កាយទៅ៕