រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលដឹងពីលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីអាមេរិក គឺលោក ដូណាល់ ត្រាំ អាចនឹងចាញ់លោក ចូ បៃដិន បេក្ខភាពមកពីបក្សប្រជាធិបតេយ្យនោះមក រដ្ឋមន្រ្ដីក្រសួងការពារជាតិអាមេរិក បានសម្រេចដាក់ពាក្យសុំលាលែងពីតំណែងដ៏កំពូលមួយនេះ។
បើតាមបណ្ដាញទូរទស្សន៍អាមេរិក CNN បានផ្សាយ កាលពីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា លោក ម៉ាក អ៊ីស្ពើ (Mark Esper) រដ្ឋមន្ត្រីការពារជាតិអាមេរិក ត្រូវបានគេរាយការណ៍ថា លោកបានសរសេរសំបុត្រលាលែងចេញពីតំណែងរួចរាល់ហើយ។ ជាមួយគ្នានេះ ក៏មានការលេចឮថា លោក ដូណាល់ ត្រាំ អាចនឹងបណ្ដេញរូបលោក ចេញពីតំណែង ទោះជាឈ្នះ ឬចាញ់ក្នុងការបោះឆ្នោតក៏ដោយ។
បណ្ដាញទូរទស្សន៍ CNN បានផ្សាយបែបនេះ ដោយផ្អែកលើប្រភពដែលទទួលបាន ពីក្រុមមន្ត្រីក្រសួងការពារជាតិជាច្រើននាក់ បានឱ្យដឹងទៀតថា គម្រោងលាលែងពីតំណែងរបស់លោក Esper មិនមានអាថ៌កំបាំងអ្វីឡើយ នៅក្នុងមន្ទីរបញ្ចកោណ។ លោករដ្ឋមន្រ្ដីចង់កាន់តំណែងយូរ តាមអ្វីដែលលោកអាចធ្វើទៅបាន។ ប៉ុន្តែទំនាក់ទំនង រវាងលោក និងលោក ដូណាល់ ត្រាំ ចាប់ផ្ដើមល្អក់កករនឹងគ្នាកាន់តែខ្លាំង។
ដោយឡែក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា លោកមានបំណងបណ្ដេញលោក Esper ចេញពីតំណែង តាំងតែពីខែតុលាមកម្ល៉េះ។ ភាពល្អក់កករនេះ បានកើតឡើង ក្រោយពេលសារព័ត៌មាន Bloomberg បានចុះផ្សាយថា អ្នកទាំងពីរមានការខ្វែងគំនិតគ្នាជាច្រើន។ រីឯលោក ត្រាំ បានអាក់អន់ស្រពន់ចិត្តជាខ្លាំង ចំពោះលោក Esper ដែលមិនបានគាំទ្ររូបលោក លើបញ្ហាមួយចំនួនធំ ក្នុងនោះរួមមានទាំងបញ្ហាសន្តិសុខជាតិសំខាន់ៗ និងរឿងអាស្រូវជាមួយរុស្ស៊ីផងដែរ។
ដោយឡែក អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចូណាថាន់ ហូហ្វមែន (Jonathan Hoffman) បានសរសេរសារមួយ បង្ហោះនៅលើ Twitter ថា លោក Mark Esper មិនទាន់មានគម្រោងលាលែងពីតំណែងឡើយ ហើយលោកក៏មិនត្រូវបាន តម្រូវឱ្យសរសេរលិខិតលាលែងអ្វីនោះដែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅអាមេរិក ក្រៅពីលោក Mark Esper លោក ដូណាល់ ត្រាំ ក៏មានគម្រោងបណ្ដេញមន្ត្រីកំពូលៗជាច្រើនរូបទៀត ក្នុងនោះមានទាំងនាយក FBI លោក គ្រីស្តូហ្វឺ រ៉េយ (Christopher Wray) ផងដែរ ទោះបីជាលោក ត្រាំ ឈ្នះឬចាញ់ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នាឆ្នាំ២០២០ក្ដី៕