ខេត្តកណ្ដាល៖ ស្រ្ដីម្នាក់ជិះម៉ូតូដើរមើលស្រូវ ស្រាប់តែជនសង័្សយម្នាក់ទាញប្រើពូថៅកាន់ប្រហារទៅលើគាត់ និងចាប់រឹតក ហើយចាប់ក្បាលជ្រមុជទឹក ដើម្បីប្លន់យកគ្រឿងអលង្ការ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល។
មន្រ្ដីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅមើលស្រែតែម្នាក់ឯង នៅចំណុចកើតហេតុខាងលើ។ លុះពេលទៅដល់ស្រែហើយ ជនរងគ្រោះបានទុកម៉ូតូនៅលើផ្លូវ ហើយដើរតាមភ្លឺស្រែ ក្នុងទិសដៅបញ្ច្រាសទិសគ្នាជាមួយជនសង្ស័យ។ ប៉ុន្ដែនៅពេលគាត់ដើរផុតពីជនសង្ស័យ បានចម្ងាយប្រហែលដប់ម៉ែត្រ ស្រាប់តែជននេះបានរត់ត្រឡប់មកពីក្រោយជនរងគ្រោះ ហើយយកពូថៅដែលគេកាន់ជាប់នឹងដៃ កាប់ប្រហារទៅលើជនរងគ្រោះ ចំនួនប្រាំពូថៅ បណ្ដាលឲ្យគាត់រងរបួសធ្ងន់។
មន្រ្ដីនគរបាលដដែល បានបន្ដថា បន្ទាប់មក ជនសង័្សយបានយកខ្សែគោរឹតករបស់ជនរងគ្រោះ និងចាប់ក្បាលគាត់ជ្រមុច ចូលក្នុងទឹក រួចហើយដោះយកខ្សែក ខ្សែដៃ និងក្រវិល ពីជនរងគ្រោះ មុនពេលគេរត់គេចខ្លួនទៅទិសខាងកើតបាត់។ ដោយឡែក ជនរងគ្រោះ បានរងរបួសក្បាលដេរចំនួន១៨ថ្នេរ និងរលាត់ស្បែកត្រង់កខាងស្ដាំ ហើយហើមថ្ពល់ខាងស្ដាំ ក៏ត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះ នៅគ្លីនិកឯកជនមួយកន្លែង នៅឯរាជធានីភ្នំពេញ។
មន្រ្ដីនគរបាលដដែល បានបន្ដថា ក្រោយពេលកើតេហេតុ ប្រជាពលរដ្ឋបាននាំគ្នាតាមស្វែងរកជនសង័្សយ រហូតដល់វេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃដដែល ទើបប្រទះឃើញ ហើយឡោមព័ទ្ធចាប់ និងព្រួតគ្នាវាយតប់ បណ្តាលឲ្យមានរបួសយ៉ាងដំណំ។ លុះបន្ដិចក្រោយមក ទើបសមត្ថកិច្ចខណ្ឌកំបូល រាជធានីភ្នំពេញ ចុះទៅដល់ និងឃាត់ខ្លួនជននេះ យកមកប្រគល់ជូនសមត្ថកិច្ចស្រុកអង្គស្នួល ដើម្បីនាំជនសង្ស័យទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល។
មន្រ្ដីនគរបាលដដែល បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួន ឈ្មោះ រិត រ៉ា ហៅអុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចប្បន្នស្នាក់នៅបន្ទប់ជួល នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្នុងករណីខាងលើនេះ ជនសង្ស័យបានប្លន់យកខ្សែកប្លាទីន ទម្ងន់៣ជីមួយខ្សែ ខ្សែដៃមាស ទម្ងន់៥ជីមួយខ្សែ និងក្រវិលមាសមួយគូ ទម្ងន់១ជី។ ដោយឡែក ជនរងគ្រោះ នៅក្នុងអំពើប្លន់នោះ ឈ្មោះ ជិន ស្រីនាង អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បច្ចុប្បន្ន មន្រ្ដីជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕