រាជធានីបាងកក៖ នៅក្នុងរជ្ជកាល អតីតព្រះមហាក្សត្រ ភូមិប៊ុលអាឌុលយ៉ាឌេត បានទទួលការគោរពស្រឡាញ់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋថៃ គ្រប់ស្រទាប់វណ្ណៈ ប៉ុន្ដែព្រះមហាក្សត្រថៃ ឡើងគ្រងរាជបច្ចុប្បន្ន ត្រូវបានប្រជាពលរដ្ឋ នៃប្រទេសនេះ មិនសប្បាយចិត្ត ជាពិសេស ក្រុមនិស្សិត ហើយសូម្បីស្ដេចអង្គនេះយាងទៅធ្វើជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ដើម្បីព្រះរាជទានសញ្ញាបត្រដល់ពួកគេ ដោយផ្ទាល់ ក៏ពួកគេ ភាគច្រើន មិនទៅចូលរួម នៅក្នុងពិធីនោះដែរ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រោយពេលអតីតព្រះមហាក្សត្រថៃ ភូមិប៊ុល អាឌុលយ៉ាឌេត (Bhumibol Adulyadej) បានសោយទិវង្គតទៅ ព្រះរាជបុត្ររបស់ទ្រង់ ព្រះនាម Maha Vajiralongkorn បានឡើងគ្រងរាជសម្បត្ដិ ដឹកនាំព្រះរាជកិច្ច នៅក្នុងប្រទេសថៃ បន្ដ។ ប៉ុន្ដែស្ដេចអង្គនេះ មិនទទួលបានការគោរពស្រឡាញ់ខ្លាំង ពីប្រជាពលរដ្ឋថៃនោះឡើយ ជាពិសេស ក្រុមយុវជន។ ថ្វីបើទ្រង់ឡើងគ្រងរាជ្យ ជាស្ដេចផែនដី នៅក្នុងប្រទេសថៃហើយក្ដី ប៉ុន្តែទ្រង់តែងតែយាងទៅគង់ នៅក្នុងប្រទេសអាល្លឺម៉ង់ ច្រើនជាង នៅក្នុងប្រទេសរបស់ទ្រង់។
ព្រះមហាក្សត្រ Maha Vajiralongkorn ទើបតែយាងចូលមកក្នុងប្រទេសថៃ កាលពីដើមខែតុលា ឆ្នាំ២០២០ ដើម្បីប្រារព្ធខួប នៃថ្ងៃព្រះរាជបិតារបស់ទ្រង់ចូលទិវង្គតតែប៉ុណ្ណោះ។ ការយាងចូលមកក្នុងប្រទេសថៃរបស់ទ្រង់ ចំពេលមានការផ្ទុះឡើងបាតុកម្មយ៉ាងជញ្ជួយ (រញ្ជួយ ក្លាយមកពីជញ្ជួយ) នៅក្នុងប្រទេសថៃ។ ការមិនចូលចិត្តរបស់ប្រជាពលរដ្ឋថៃ ចំពោះស្ដេចអង្គនេះ ក៏ដោយសារតែព្រះរាជសកម្មភាព និងព្រះកាយវិការរបស់ទ្រង់ តាំងពីព្រះអង្គនៅជាព្រះរាជទាយទ មិនទាន់ឡើងគ្រងរាជសម្បត្ដិ ដោយព្រះអង្គយាងធ្វើតាមលក្ខណៈអលជ្ជី (គ្មានការអៀងខ្មាស) របស់ទ្រង់ ដែលមើលឃើញមិនគួរឲ្យគោរព។ ប៉ុន្ដែដោយសារអំណាចរបស់ស្ដេច នៅក្នុងប្រទេសថៃ មានសិទ្ធិធំធេងពេក ទើបមិនមានពលរដ្ឋណាហ៊ានប៉ះពាល់ ឬលើកយកមកនិយាយ។ សូម្បីត្រឹមតែថតរូបព្រះមហាក្សត្រ ក៏អាចនឹងត្រូវមានទោសផងដែរ ហើយពេលឃើញស្ដេចថៃ ក៏មិនមែន ចេះតែយកកាមេរ៉ាមកថតបានតាមចិត្តនោះឡើយ ហើយត្រូវគិតពីទោសទណ្ឌដល់ខ្លួនជាមុនសិនផងដែរ។
ដោយឡែក នៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិត ដែលទើបនឹងបញ្ចប់សញ្ញាបត្រ បានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីថៃ ដែលជាព្រឹត្ដិការណ៍ដ៏ធំរបស់និស្សិតបញ្ចប់ការសិក្សា ប៉ុន្ដែបែរជានិស្សិតដែលនឹងត្រូវទទួលសញ្ញាបត្រ ប្រហែលពាក់កណ្ដាល មិនទៅចូលរួម។ សកម្មភាពបែបនេះ គឺពួកគេចង់បង្ហាញថា ពួកគេមិនចូលចិត្តនឹងស្ដេច ហើយក៏ជាការបង្ហាញអំពីការធ្វើបាតុកម្មរបស់ពួកគេ ប្រឆាំងរដ្ឋាភិបាល និងព្រះមហាក្សត្រថៃថែមទៀតផង។
ក្រុមបាតុករ ដឹកនាំដោយនិស្សិត បាននាំគ្នាចេញមកតាមដងផ្លូវ ធ្វើបាតុកម្ម ដើម្បីទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូច នាយករដ្ឋមន្រ្ដីថៃ ចុះចេញពីតំណែង, ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ដែលតាក់តែងឡើង ដោយក្រុមយោធាធ្វើរដ្ឋប្រហារ និងធ្វើកំណែទម្រង់របបរាជានិយម បច្ចុប្បន្ន។ ក្រៅពីនេះ ក្រុមបាតុករបាននាំគ្នា ដង្ហែញត្ដិទៅកាន់ស្ថានទូតអាល្លឺម៉ង់ ដើម្បីផ្ញើទៅកាន់រដ្ឋាភិបាលសហព័ន្ធន៍ (ឬសហព័ន្ធន៍) នៃប្រទេសអឺរ៉ុបមួយនេះ ស៊ើបអង្កេតលើករណីព្រះមហាក្សត្រថៃ គង់នៅប្រទេសអាល្លឺម៉ង់។ ក្រុមបាតុករចង់ដឹងថា ស្ដេចគ្រងរាជសម្បត្ដិ នៅក្នុងប្រទេសថៃ បែរជាទៅគង់នៅប្រទេសអាល្លឺម៉ង់ តើព្រះអង្គដឹកនាំព្រះរាជកិច្ចតាមរបៀបណា? តើព្រះមហាក្សត្រអង្គនេះ បានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសអាល្លឺម៉ង់ដែរឬទេ?
បើតាមសារព័ត៌មានសិង្ហបុរី CNA បានផ្សាយ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ថា និស្សិតមួយចំនួនធំដែលទើបនឹងបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ ធម្មាសាត (Thammasat) ដ៏ល្បីល្បាញរបស់ប្រទេសថៃ មិនបានចូលរួម នៅក្នុងពិធីចែកសញ្ញាបត្រ ក្រោមព្រះរាជាធិបតី នៃព្រះមហាក្សត្រថៃ ព្រះបាទមហាវិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) និងព្រះមហាក្សត្រិយានី នោះឡើយ។ ពិធីចែកសញ្ញាបត្រជារៀងរាល់ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាឱកាសដ៏សំខាន់បំផុត សម្រាប់ក្រុមនិស្សិតថៃ ទើបនឹងបញ្ចប់ការសិក្សា។ ប៉ុន្តែនៅពេលនេះ ផ្ទុយស្រឡះ ដោយសារតែក្រុមនិស្សិតទាំងនោះ មិនព្រមទៅទទួលសញ្ញាបត្រ ពីព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី ហើយសែរាជវង្សានុវង្សរបស់ស្ដេចថៃ។
ដោយឡែក បណ្តាញទូរទស្សន៍ថៃ PBS បានផ្សាយថា និស្សិតចំនួនពាក់កណ្តាល (៥០%) ក្នុងចំណោមនិស្សិតទើបបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យធម្មាសាត ចំនួន ៩ ៦០០នាក់ ត្រូវបានគេជឿជាក់ថា ពួកគេមិនបានចូល។ ទោះជាយ៉ាងណា ព្រះបរមរាជវាំងថៃ មិនទាន់បានឆ្លើយតបនៅឡើយ ខណៈក្រុមអ្នកសារព័ត៌មាន សុំការបកស្រាយអំពីរឿងនេះ។ ដោយឡែក គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យធម្មាសាត ក៏មិនទាន់បានឆ្លើយតបដែរ៕