ខេត្តពោធិ៍សាត់៖ បុរសម្នាក់ តែងតែចូលចិត្តដើរផឹកស៊ី ហើយមិនគិតគូរពីការរកស៊ីចិញ្ចឹមគ្រួសារ លុះពេលត្រឡប់មកដល់ផ្ទះ ក៏បង្ករឿង វាយធ្វើបាប និងជេរប្រមាថមកលើប្រពន្ធ រហូតធ្វើឲ្យនាងអត់ទ្រាំលែងបាន ក៏ប្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ។
មន្រ្តីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនសង័្សយជាប្ដី ឈ្មោះ ម៉ៅ សុគន្ធារ៉ា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ជនសង័្សយ និងជនរងគ្រោះ ទាំង២នាក់ប្ដីប្រពន្ធ មានកូនចំនួន៣នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ហើយរស់នៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មន្រ្ដីនគរបាលស្រុកក្រគរ បានបន្ដថា បើតាមពាក្យបណ្ដឹងរបស់ស្រ្តីជាប្រពន្ធ បានរៀបរាប់ថា ប្ដីរបស់នាងតែងតែដើរស៊ីផឹក ហើយមិនសូវជួយរកស៊ីចិញ្ចឹមកូនប្រពន្ធប៉ុន្មាននោះឡើយ។ លុះពេលគេត្រឡប់មកពីផឹកវិញ តែងតែរករឿង និងសុំលុយពីនាងជាប្រពន្ធ។ ប៉ុន្ដែបើនាងគ្មានលុយឲ្យ គេតែងតែបង្ករឿង ជេរប្រមាថ និងវាយធ្វើបាបនាង។ ជាក់ស្ដែង ដូចករណី កាលពីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ប្ដីរបស់នាងបានបង្កហិង្សា ចាប់ក្បាលនាង អុកផ្ទប់ទៅដី រួចហើយយកជើងជាន់ក្បាល និងយកស្បែកជើងវាយក្បាល ហើយថែមទាំងស្ដោះទឹកមាត់ដាក់ក្បាលនាង ព្រមទាំងប្រើពាក្យសម្ដី ពន្យុះឲ្យនាងថា បើចង់ទៅប្ដឹងអ្នកណា សូមទៅចុះ? …ជាដើម។
មន្ត្រីនគរបាលស្រុកក្រគរ បានបញ្ជាក់ថា កន្លងមក សមត្ថកិច្ចធ្លាប់នាំជនបង្កជាប្ដី មកអប់រំម្ដងរួចមកហើយ ប៉ុន្ដែគេមិនព្រមកែខ្លួន។ លុះពេលមានពាក្យបណ្ដឹងជាថ្មីពីប្រពន្ធ ទើបសមត្ថកិច្ចចុះអនុវត្តច្បាប់ ហើយនាំជនសង័្សយ មកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីសាកសួរ។ ប៉ុន្ដែក្រោយមក មន្រ្ដីជំនាញក៏បានធ្វើតេសទឹកនោមរបស់ជនសង័្សយ រកឃើញសារជាតិញៀន (វិជ្ជមាន+) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងចំណាត់ការរបស់សមត្ថកិច្ច កសាងសំណុំរឿង តាមនីតិវិធី៕