កាលពីរសៀលថ្ងៃទី 29 តុលា 2020 ឯក ឧត្តម ឧត្តមសេនីឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការគ្នាជាមួយនឹងកងកម្លាំងចម្រុះជាច្រើនចុះបោសសម្អាត លាងសម្អាត និងស្ដារហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងនៅក្នុងបុរី VIP ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងបុរីទាំងមូលក្រោយពីទឹកស្រក។ នេះជាការយកចិត្តទុកដាក់គួរឲ្យសរសើររបស់ថ្នាក់ដឹកនាំ និងអគ្គនាយកបុរី VIP ចំពោះប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកលិច ហើយបណ្ដាលឲ្យប្រព័ន្ធលូមួយចំនួនត្រូវស្ទះ និងផ្លូវថ្នល់ត្រូវប្រឡាក់ដោយភក់ជ្រាំ និងសម្រាមក្រោយពីទឹកស្រកអស់។
កងកម្លាំងដែលបានចុះលាងសម្អាតស្ដារប្រព័ន្ធលូ នៅក្នុងបុរី VIP នាថ្ងៃនោះមានចំនួនរហូតដល់រាប់រយនាក់ដោយបែងចែកគ្នាជាច្រើនក្រុម និងមានការចូលរួមពីអ្នកជំនាញជាច្រើនផ្នែក ទាំងមកពីសាលាក្រុងភ្នំពេញ ទាំងមកពីសាលាខ័ណ្ឌដង្កោ ក្រុមសង្គ្រោះបន្ទាន់711 និងក្រុមពន្លត់អគ្គីភ័យជាដើម។ នៅក្នុងថ្ងៃនោះគេឃើញមានរថយន្តបាញ់ទឹកតូចធំត្រូវបានបញ្ជូនមកដោយក្រុមអន្តរាគមន៍ទាំងអស់បានរួមសហការណ៍គ្នាបោសសម្អាតដី ស្ដារលូ កើបសម្រាម និងបាញ់ទឹកលាងសម្អាតផ្លូវ និងមុខផ្ទះប្រជាពលរដ្ឋពេញនៅក្នុងបុរី VIP ទាំងមូល។ លោក វន វណ្ណៈ អគ្គនាយកបុរី VIP ក៏ត្រូវគេឃើញដឹកនាំក្រុមការងារជាច្រើននាក់ ដុតដៃដុតជើងនៅក្នុងសកម្មភាពលាងសម្អាតបុរី ជាមួយនឹងឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ផងដែរ។
លោក ស៊ុ ស៊ីដេត នាយកគ្រប់គ្រងទូទៅបុរី VIP បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំកងរាជអាវុធហត្ថរាជធានីភ្នំពេញបានជ្រើសរើសយកទីតាំងបុរី VIP នៅក្នុងខណ្ឌដង្កោជាទីតាំងក្នុងការដឹកនាំកងកម្លាំងចុះមកលាងសម្អាតផ្លូវ និងស្ដាប្រព័ន្ធលូក្រោយទឹកស្រក ខណៈដែលនៅក្នុងខណ្ឌដង្កោទាំងមូលគឺមានបុរីជាច្រើនបានជន់លិច ព្រោះតែភ្លៀងពីឥទ្ធិពលព្យុះខុសប្រក្រតីក្នុងឆ្នាំនេះ និងការបាក់ទំនប់នៅគិរីរម្យ ដែលបណ្ដាលឲ្យសង្កាត់រហូតដល់9 នៅខណ្ឌដង្កោត្រូវជនលិច។ លោកបានសម្ដែងអារម្មណ៍រីករាយជំនួសប្រជាពលរដ្ឋនៅក្នុងបុរីទាំងមូលដែលទទួលបាននូវការអន្តរាគមន៍នេះ ខណៈដែលក្រោយការបោសនិងលាងសម្អាតផ្លូវ គឺបានធ្វើឲ្យបុរី VIP ទាំងមូលមានសោភ័ណ្ឌភាពដូចដើម ស្របពេលដែលប្រជាពលរដ្ឋច្រើនឡើងក៏ចូលមករស់នៅដូចដើមវិញ។
គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំដំបូងដែលធ្វើឲ្យបុរី VIP និងតំបន់ជុំវិញរងការលិចលង់ខ្លាំងដោយការអន្តរាគមន៍របស់ឯកឧត្តម រ័ត្ន ស្រ៊ាង និងកងកម្លាំងចម្រុះ ដោយមានការចូលរួមលាងសម្អាតដោយផ្ទាល់ពីលោក វន វណ្ណៈ អគ្គនាយកបុរី VIP គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៅក្នុងបុរីមួយនេះមិនត្រឹមតែទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់ម្ចាស់បុរីតែប៉ុណ្ណោះនោះទេ តែក៏ទទួលបាននៅការឈឺឆ្អាល និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ដែលមានន័យថាប្រជាពលរដ្ឋនៅក្នុងបុរីមួយនេះទទួលបាននូវភាពកក់ក្ដៅទាំងក្នុងនិងក្រោយពេលពេលរងគ្រោះ ដោយគ្រោះធម្មជាតិនាពេលនេះផងដែរ។ ជាក់ស្ដែងគេឃើញប្រជាពលរដ្ឋរស់នៅក្នងបុរីទាំងមូលសប្បាយចិត្តយ៉ាងខ្លាំងក្រោយពីមានការជួយលាងសម្អាតនៅក្នុងបុរីមួយនោះ។