រដ្ឋធានីម៉ានីល៖ ប៉ូលិសហ្វីលីពីនមួយក្រុម បានឆ្មក់ចុះបង្រ្កាបល្បែងស៊ីសង នៅក្នុងសង្វៀនបញ្ជល់មាន់ ស្រាប់តែចង្រៃចន្យអ្វី មាន់ជល់មួយក្បាល បានហក់ជល់ ហើយវាត់ត្រូវមួយខ្នាយលើមន្រ្ដីប៉ូលិសម្នាក់ បណ្ដាលឲ្យដាច់សរសៃឈាម ស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។ ហេតុការណ៍ដ៏កម្រនឹកស្មានមិនដល់នេះ បានកើតឡើង កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ នៅភាគខាងជើង ខេត្តសាម៉ា ប្រទេសហ្វីលីពីន។
លោកវរសេនីយ៍ឯក Arnel Apud ស្នងការនគរបាលខេត្តសាម៉ា បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ Christian Bolok មានឋានន្ដរស័ក្ដិ ជាអនុសេនីយ៍ឯក។ គាត់បានរងរបួស នៅលើភ្លៅខាងឆ្វេង ដោយសារមាន់ជល់តខ្នាយដែក ចាក់មួយខ្នាយ បណ្ដាលឲ្យដាច់សរសៃឈាម ស្លាប់ភ្លាមៗមួយរំពេច។
លោកស្នងការនគរបាល បានបន្ដថា មុនពេលកើតមានឧបទ្ទវហេតុបែបនេះកើតឡើង ជនរងគ្រោះ ជាប៉ូលិស និងក្រុមការងាររបស់គាត់ បានចុះទៅបង្រ្កាបល្បែងស៊ីសង (បញ្ជល់មាន់) នៅចំណុចខាងលើ។ បន្ទាប់មក គាត់បានប្រមូលបាន់ជល់មកទុក ជាភស្តុតាង ប៉ុន្ដែនៅពេលគាត់ទៅជិត បែរជាចៃដន្យអ្វី មាន់ជល់ខ្នាយដែកនោះ បានហក់ច្រាស់គាត់ ចំនួន១ខ្នាយ បណ្ដាលឲ្យខ្នាយដែកនោះមុតជើងខាងឆ្វេង ដាច់សរសៃឈាមស្លាប់មួយរំពេច ។
លោកវរសេនីយ៍ឯក Arnel Apud បានបន្ថែមថា នេះជាឧបទ្ទវហេតុ និងក៏ជាអកុសលផងដែរ ហើយលោកក៏មិនអាចពន្យល់ករណីនេះបានដែរ។ សូម្បីតែរូបលោកផ្ទាល់ មុនដំបូង នៅពេលឮដំណឹងបែបនេះ ក៏លោកមិនទាំងជើងផង។ ប៉ុន្ដែនៅពេល លោកចុះទៅពិនិត្យ ឃើញថា មន្រ្ដីប៉ូលិសខាងលើ ពិតជាស្លាប់ ដោយសារករណីមាន់ជល់ច្រាសប្រាកដមេន។ នេះក៏ជាលើកទីមួយ ក្នុងរយៈពេល២៥ឆ្នាំ ដែលលោកធ្វើជាមន្ត្រីប៉ូលិស បានឃើញហេតុការណ៍បែបនេះ។ ពីមុនមក លោកមិនដែលមានជួបរឿងរ៉ាវបែបនេះ៕