រាជធានីបាងកក៖ បុរសចម្លែកម្នាក់មាសប្រាក់មិនលួច បែរជាដើរលួចតែខោក្នុង និងអាវវ៉ែនតារបស់ស្ដ្រីយកមកទុកមើល និងហិត ហើយត្រូវបានប៉ូលិសឃាត់ខ្លួន នៅក្នុងស្រុក Pak Thor ខេត្ត Ratchaburi ។
មន្រ្ដីស្ថានីយប៉ូលិស Thung Luang បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ Chaiphat អាយុ៤៦ឆ្នាំ រស់នៅក្នុងខេត្ត Ratchaburi ប្រទេសថៃ។ ការឃាត់ខ្លួនជនសង័្សយខាងលើនេះ ប៉ូលិសដកហូតបានខោទ្រនាប់របស់ស្រ្ដីជាង៧០ អាវវ៉ែនតា (អាវទ្រនាប់ក្នុងរបស់ស្រ្ដី) ចំនួន៣ និងខោខ្លីចំនួន២។ បន្ទាប់មក ប៉ូលិសបានឆែកឆេរ នៅក្នុងផ្ទះរបស់ជនសង័្សយ រកឃើញមានថ្នាំញៀនមួយចំនួន រួមមាន មេតំហ្វេតាមីន និងអំហ្វេតាមីន។
មន្រ្ដីប៉ូលិសដដែល បានបញ្ជាក់ថា មុនពេលមានការឃាត់ខ្លួនជនសង័្សយនោះ មានស្រ្ដី២នាក់បានមកដាក់ពាក្យបណ្ដឹង នៅក្នុងស្ថានីយ៍ប៉ូលិស Thung Luang ដោយរៀបរាប់ថា មានករណី ចោរលួចខោទ្រាប់របស់ស្រីៗ និងអាវវ៉ែនតា នៅក្នុងផ្ទះរបស់ពួកនាង។ ជាមួយគ្នានេះ ពួកនាងមានការសង័្សយយ៉ាងខ្លាំងទៅលើបុរសខាងលើនេះផងដែរ។ក្រោយពេលមានពាក្យបណ្ដឹងបែបនេះ ប៉ូលិសបានស៊ើបអង្កេត។ លុះក្រោយមក ប៉ូលិសបានស្រាវជ្រាវ ដឹងថា ជនសង័្សយរកស៊ីទិញរបស់របរប្រើប្រាស់ជជុះ ពីប្រជាពលរដ្ឋ ក្នុងតំបន់ ហើយយករបស់របរទាំងនោះទៅលក់បន្ដ។ បន្ទាប់មក គេបានបែកគំនិត ដើរលួចតែខោទ្រាប់ និងអាវទ្រនាប់របស់ស្រ្ដី។
ប៉ូលិស បានបន្ថែមថា ក្រោយពេលចាប់ខ្លួន ជនសង័្សយបានសារភាពថា បន្ទាប់ពីប្រពន្ធរបស់គេបានចុះចោល អស់រយៈពេលជាង១០ឆ្នាំមក ធ្វើឲ្យគេមានអារម្មណ៍ រស់នៅយ៉ាងកណ្ដោចកណ្ដែង និងឯកោ គ្មានភាពកក់ក្ដៅ នៅក្នុងចិត្ត។ ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យអារម្មណ៍របស់គេបែកឆ្វេង ហើយចេះតែដើរលួចខោ និងអាវទ្រាប់របស់ស្ដ្រី យកមកទុកមើល។ បើគិតមកដល់ថ្ងៃចាប់ខ្លួននេះ រូបគេបានដើរលួចខោក្នុង និងអាវទ្រនាប់របស់ស្រ្ដី ដែលហាលចោល យ៉ាងតិច ចំនួន២០ដង។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានឃុំខ្លួនជនសង័្សយ នៅក្នុងស្ថានីយ៍ប៉ូលិស Thung Luang ក្រោមការចោទប្រកាន់ពីបទ «លួច និងប្រើប្រាស់គ្រឿងញៀន» ហើយប៉ូលិស នឹងកសាងសំណុំរឿង បញ្ជូនជននេះទៅតុលាការ ចោទប្រកាន់តាមផ្លូវច្បាប់៕