នាពេលកន្លងមកគេចាប់អារម្មណ៍ឃើញថា តារាចម្រៀង លោក Eno គឺជាតារាចម្រៀងម្នាក់ដែលមានសមត្ថភាពផ្នែកតែងនិពន្ធ និង និពន្ធបទចម្រៀងប៉ុណ្ណោះ ដោយគេមិនចាប់អារម្មណ៍ថា លោកចេះជំនាញនេះ ពីគ្រឹះណាមួយនោះឡើយ យ៉ាងណាក៏ដោយ បន្ទាប់តន្ត្រីករ និងជាព្រឹទ្ធាចារ្យផ្នែកនិពន្ធបទចម្រៀងល្បីឈ្មោះលោក អ៉ិន សុត្ថានី បានទទួលមរណភាព ហើយលោក បានរំលឹកនូវអនុស្សាវរីយ៍ជាច្រើន មុនពេលតន្ត្រីកររូបនេះ ទទួលមរណភាព ទើបធ្វើអោយគេដឹងថា ជំនាញតែងនិពន្ធដែលលោកកំពុងបង្ហាញឡើង គឺមិនមែនចេះអត់គ្រូ និង ចេះអត់ក្បួននោះទេ ពោលគឺមានអ្នកឯកទេសបង្ហាត់បង្ហាញច្បាស់លាស់។
លោក Eno ដែលបច្ចុប្បន្នគឺជាថៅកែឃ្លាំងលក់រថយន្ត Eno Auto Car នៅជិត អុីអន២ បានសរសេរបង្ហោះក្រោយ អ្នកឯកទេសផ្នែកតន្ត្រី និង ចម្រៀង លោក អ៉ិន សុត្ថានី ទទួលមរណភាពថា
“🙏🙏🙏😢 លោក គ្រូរបស់ខ្ញុំ អុិន សុត្ថានី បានទទួលមរណះភាពព្រឹកថ្ងៃទី២២ ខែតុលា វេលាម៉ោង ៩:៤៥ នាទីនៅមន្ទីរពេទ្យដោយរោគាពាធ។ សពលោកពុកនឹងត្រូវដំកល់នៅគេហ ដ្ឋានក្នុងបុរីជិពម៉ុង Parkland Sen Sok (MongRithy Road) ផ្ទះលេខ៥២
ផ្លូវលេខ ០២ រហូតដល់ថ្ងៃសៅរ៍ នឹងត្រូវបូជាតាមព្រះពុទ្ធសាសនានៅវត្តកោះមេត្តាពោធិវង្ស (នៅជិតគេហដ្ឋានខាងលេី) ពិធីដង្ហែរសពនៅវេលាម៉ោង៨ព្រឹក និង បូជានៅម៉ោង ៣រសៀល ដែលត្រូវជាថ្ងៃសៅរ៍ទី២៤។
🙏 សមគោរពជូនតំណឹង សិស្សានុសិស្ស ទាំងអស់ដែរបានធ្លាប់
ហាត់រៀនផ្នែកសិល្បៈ ជំនាន់លោកគ្រូជាមួយខ្ញុំបាទ សាន្តពេជ្រ សុភារិទ្ធិ ហៅ ENO សូមជ្រាបជាដំណឹងផង🙏🙏🙏😢”។ បន្ថែមពីលើការប្រកាសលោកក៏បានដឹងថា ជំនាញដែលលោកចេះតែងបទចម្រៀង និង និពន្ធបទភ្លេងនាពេលនេះ គឺបានពីការបង្ហាត់បង្ហាញ និង បណ្ដុះបណ្ដាលរបស់លោកគ្រូ សុត្ថានី ទាំងស្រុង ដោយលោកបញ្ជាក់ បច្ចេកទេសច្រៀង គឺលោកហាត់រៀនពី សិល្បកររៀមច្បង លោក ហួរ ឡាវី ហើយសមត្ថភាពនិពន្ធ និង ផលិតតន្ត្រី គឺលោក អុិន សុត្ថានី ជាអ្នកបណ្ដុះបណ្ដាលទាំងស្រុង។ លោកថា លោកស្គាល់លោកគ្រូ អុិន សុត្ថានី តាំងពីអំឡុងឆ្នាំ២០០៨ ដោយលោកគ្រូអាចចាត់ទុកថា គឺជាអ្នកដែលបានបណ្ដុះបណ្ដាលលោកបានច្រើនជាងគេ និង ជិតស្និទ្ធិជាងគេនោះផង ទើបលោកសម្ដែងការសោកស្ដាយ ក្រោយទទួលដំណឹងមរណភាពរបស់លោកគ្រូ។
គួរបញ្ជាក់ផងដែរថា លោក អុិន សុត្ថានី គឺជាអ្នកឯកទេសផ្នែកតន្ត្រី និង ចម្រៀង ល្បីឈ្មោះមួយរូបប្រចាំសាលាវិចិត្រសិល្បៈ ដោយលោកក៏ជាតន្ត្រីករប្រចាំនៅទូរទស្សន៍បាយ័ន។ លោកទទួលមរណភាពដោយរោគាពាធ ដោយបន្សល់នូវស្នាដៃជាច្រើនដល់ក្មេងជំនាន់ក្រោយក្នុងសិល្បៈ។
លោកអ៊ិនសុត្ថានី គឺជាវីរសិល្បៈករដ៏កម្ររបស់ប្រទេសកម្ពុជា លោកបានប្រសូត្រនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៥២។ លោកជាកូនទី៤ នៃគ្រួសារសិល្បៈបុរាណវង្សភ្លេងពិណពាទ្យ សុទ្ធខេមរា។ លោកធំធាត់តាំងពីកុមារភាព ដោយដិតជាប់ជាមួយនឹងសិល្បៈបុរាណសម័យស្ទើរគ្រប់ប្រភេទក្នុងនោះរួមមាន៖
១. វង្សភ្លេងពិណពាទ្យ (ជំនាញឧបករណ៍គងធំ រនាត ស្រឡៃ)
២. ល្ខោនបាសាក់ ល្ខោននិយាយ របាំប្រជាប្រិយ
៣. វង្សភ្លេងឆៃយាំ (ជំនាញស្គរ)
៤. ជាកវីនិពន្ធ បទភ្លេង ទំនុកច្រៀង និងអ្នកនិពន្ធរឿងភាគ
៥. ជាតារាភាពយន្ត (សំដែងក្នុងរឿងជាច្រើនដូចជា នេសាទក្រពើ ស្តេចកន…)
៦. ជាអ្នកដឹកនាំរឿងជាច្រើន
៧. ជាតន្ត្រីករភ្លេងសម័យ (ជំនាញស្គរ Jazz)
៨. ជាតន្ត្រីករ ពហុមុខ (ប្រគុំឧបករណ៍តន្ត្រីចូលគ្នាជាច្រើនមុខក្នុងពេលតែមួយ)
គួររំលឹកផងដែរថា៖ លោកបានធំធាត់ក្នុងវង្សត្រកូលគ្រួសារអ្នកសិល្បៈ និងបានបន្តការសិក្សានៅប្រទេសបារាំង ចាប់ពីឆ្នាំ ១៩៧៨ ក្នុងកំឡុងរបបប្រល័យពូជសាសន៍លោកបានត្រលប់មកមាតុភូមិប្រទេសវិញ ដោយហេតុលោកមានបុព្វហេតុស្នេហាជាតិក្នុងគ្រាលំបាក និងតាមការឃោសនា។
ក្រោយរំដោះ៧មករាលោកបានចូលរួមបម្រើក្នុងវិស័យសិល្បៈនៅមន្ទីវប្បធម៍ និងវិចិត្រសិល្បះរាជធានីភ្នំពេញ ក្នុងតួនាទីជាអនុប្រធានការិយាល័យ។ លោកបានចូលនិវត្តន៍ នៅឆ្នាំ ២០០៩ តែលោកនៅតែបន្តឆន្ទៈ និងស្មារតីស្នេហាវិស័យសិល្បៈរហូតដល់ជិវិតចុងក្រោយរបស់លោក។
លោកគឺជាស្វាមី ជាឪពុក និងជាជីតាដ៏មានព្រហ្មវិហារធម៍ និងគួរជាទីគោរព។ គួរអោយសង្វេគ និងសោកស្តាយណាស់ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩ និង៤៥នាទីព្រឹក លោកបានទទួលអនិច្ចកម្មដោយរោគាពាធ នៅមន្ទីពេទ្យ ខេមា នៅរាជធានីភ្នំពេញ។ ការបាត់បង់លោក គឺជាការបាត់បង់ធនធានសិល្បៈករដ៏កំរ នៃព្រះរាជាណាចក្រកម្ពុជា។