កងទ័ពកូរ៉េខាងជើង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានបង្ហាញគ្រាប់ផ្លោង បាញ់រំលងទ្វីប ICBM ស៊េរីថ្មីបំផុត នៅក្នុងខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សពលករកូរ៉េខាងជើង។
បើតាមសារព័ត៌មានរបស់សិង្ហបុរី CAN បានផ្សាយ កាលពីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ថា នៅក្នុងក្បួនព្យុហយាត្រាខួបលើកទី៧៥ នៃទិវាបង្កើតគណបក្សពលករកូរ៉េ កាលពីថ្ងៃទី១០ ខែតុលា នោះ កងទ័ពប្រទេសកូរ៉េខាងជើង បានបង្ហាញកាំជ្រួចផ្លោងបាញ់រំលងទ្វីប ប្រភេទ ICBM ស៊េរីថ្មី ដែលកូរ៉េខាងជើង មិនធ្លាប់បង្ហាញឲ្យពិភលោកបានឃើញនោះឡើយ។
ក្រុមអ្នកវិភាគវិស័យយោធាពិភពលោក បានឲ្យដឹងថា មីស៊ីលរបស់កូរ៉េខាងជើងនោះ នឹងក្លាយជាមីស៊ីលផ្លោង ICBM ដ៏ធំបំផុតមួយ ដោយវាប្រើជើងទម្រចល័ត ប្រសិនបើវាត្រូវអភិវឌ្ឍបានសម្រេចជាផ្លូវការមែននោះ។ ក្រៅពីនេះ កងទ័ពកូរ៉េខាងជើង ក៏បានបង្ហាញនូវមីស៊ីល Hwasong-15 ដែលអាចបាញ់ផ្លោង ក្នុងរយៈចម្ងាយឆ្ងាយបង្អស់ ដែលធ្លាប់ធ្វើតេស្ត រួមជាមួយមីស៊ីលផ្លោងថ្មីមួយប្រភេទទៀត ដែលអាចជាមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBM) បាន។
មន្រ្តីយោធាសហរដ្ឋអាមេរិក ក៏ដូចជា កូរ៉េខាងត្បូង បានគិតទុកជាមុនរួចហើយថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នឹងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញអាវុធយុទ្ធសាស្រ្តថ្មីៗរបស់ខ្លួន សម្រាប់សម្ញើញដល់ពិភពលោក។ ប៉ុន្ដែគិតចាប់តាំងពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចាប់ផ្តើមជួបពិភាក្សាជាមួយមេដឹកនាំអន្តរជាតិ រួមមាន ទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨នោះមក ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាច្រើនលើករួចមកហើយ។ ប៉ុន្ដែនៅពេលនេះ កូរ៉េខាងជើង បានបង្ហាញមីស៊ីលផ្លោងរំលងទ្វីប ប្រភេទថ្មីទៀត ដែលប្រទេសនេះ មិនធ្លាប់បង្ហាញដល់ពិភពលោកឲ្យឃើញឡើយ៕