ក្មេងពាលម្នាក់ ឃើញគូស្នេហ៍វ័យក្មេង បើកម៉ូតូដឹកគ្នា ដកកាំភ្លើងបាញ់ប្រហារ បណ្ដាលឲ្យយុវតីរងគ្រោះស្លាប់ និងសង្សាររបស់នាងរងរបួស ហើយជនបង្កត្រូវបានចាប់ខ្លួន នៅក្នុងខេត្ត Buriram ប្រទេសថៃ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូជាមួយនឹងសង្សាររបស់នាង។ លុះពេលពួកគេធ្វើដំណើរមកជិត ស្រាប់តែជនសង័្សយដកកាំភ្លើងបាញ់ ធ្វើឲ្យគ្រាប់កាំភ្លើងហោះទៅត្រូវចំបេះដូងរបស់នាង បណ្ដាលឲ្យស្លាប់ ហើយសង្សារបស់នាងបានរងរបួស។ ចំណែកជនសង័្សយត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
មន្រ្ដីប៉ូលិស បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ Nutthicha Thanthaisong អាយុ១៦ឆ្នាំ (ស្លាប់) ហើយសង្សាររបស់នាង មិនស្គាល់ឈ្មោះ គ្រាន់តែដឹងថា រងរបួស។ រីឯជនសង័្សយ ឈ្មោះ Natthakit Boonluea អាយុ១៩ឆ្នាំ។
មន្រ្ដីប៉ូលិស បានបន្ដថា បើតាមការសាកសួរជាបឋម ជនសង័្សយបានឆ្លើយថា គេបាញ់គ្រាប់ទៅលើអាកាស មិនមានគោលបំណងបាញ់ទៅលើជនរងគ្រោះនោះទេ។ ប៉ុន្ដែជាចៃដន្យ គ្រាប់កាំភ្លើងនោះបានធ្លាក់មកលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ និងរងរបួសតែម្ដង។ ដោយឡែកមិត្តភក្ដិរបស់ជនសង័្សយ បានប្រាប់ប៉ូលិសថា ជនសង័្សយពិតជាបានបាញ់ជនរងគ្រោះមែន។
ទោះជាយ៉ាងណា ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់ស្ថានីយប៉ូលិស ដើម្បីសាកសួរ និងស៊ើបអង្កេតបន្ដទៀត មុននឹងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕