ខេត្តកណ្តាល ៖ ស្រ្តីវ័យក្មេងម្នាក់មានទំនាស់ពីរឿងបន្តិចបន្តួច នៅក្នុងគ្រួសារ បែរជាទាញម៉ូតូជិះចេញពីផ្ទះបាត់ មិនព្រមវិលវិញ ធ្វើឲ្យប្តីខ្លោចចិត្តខិតខំស្វែងរ អស់រយៈពេល៤ថ្ងៃមកហើយ ក៏នៅតែមិនឃើញ ហើយព្រួយបារម្ភពីនាងគ្រប់ដង្ហើមចេញចូល ទើបប្រកាសអង្វរហៅប្រពន្ធ ឲ្យវិលមកវិញ។
ស្ត្រីដែលបាត់ខ្លួនពីផ្ទះនេះ ឈ្មោះ នី រតនា អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រីឯបុរសជាប្តី ឈ្មោះ ប៊ុន ហេង រស់នៅជាមួយគ្នា ក្នុងភូមិខាងលើ។
លោក ប៊ុន ហេង បានរៀបរាប់ថា កាលពី៤ថ្ងៃមុន គាត់បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួចជាមួយប្រពន្ធ។ លុះពេលបន្តិចក្រោយមក ប្រពន្ធរបស់គាត់បានទាញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GU-5079 ជិះចេញពីផ្ទះឯភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ក៏បាត់ឈឹង រហូតមក មិនឃើញវិលត្រឡប់មកផ្ទះវិញឡើយ។ ប៉ុន្តែក្រោយពេលប្រពន្ធចេញពីផ្ទះបាត់ គាត់រួមនឹងសាច់ញាតិ បាននាំគ្នាចែកផ្លូវគ្នាតាមស្វែងរកប្រពន្ធស្ទើរសព្វកន្លែង ក៏នៅតែមិនទទួលបានដំណឹងអីបន្តិចសោះឡើយ។ គាត់ព្រួយបារម្ភពីសុវត្ថិភាពរបស់នាង ព្រោះមានរយ:ពេល៤ថ្ងៃហើយ។
ជាមួយគ្នានេះ លោក ប៊ុន ហេង បានប្រកាសអង្វរហៅប្រពន្ធឱ្យវិលត្រឡប់មកផ្ទះវិញ បើមានរឿងអ្វី ចាំដោះស្រាយគ្នាតាមក្រោយ សំខាន់សុំឱ្យតែអូនវិលមកវិញដោយសុវត្ថិភាពតែប៉ុណ្ណោះ៕