ខេត្តបាត់ដំបង ៖ ព្រះសង្ឃមួយអង្គ មិនបានគោរពប្រតិបត្ដិតាមវិន័យសិក្ខាឲ្យខ្ជាប់ខ្ជួន បែរជាទុកឲ្យចិត្ដនៅរាយមាយតាមបុថុជ្ជន ហើយគិតខ្លី យកសាំងមកចាក់ដុតព្រះកាយ បណ្ដាលឲ្យសុគតយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលពេញវត្ដ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងវត្តកណ្តាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
មន្រ្ដីនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា សង្ឃរងគ្រោះ ព្រះនាម ហ៊ាត ហ៊ាក ព្រះជន្ម២៤វស្សា មានស្រុកកំណើតនៅឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សង្ឃអង្គនេះទើបនឹងមកគង់ នៅក្នុងវត្តកណ្តាល មានរយៈពេលប្រមាណ៥ខែ ដើម្បីសិក្សា នៅពុទ្ធិកវិទ្យាល័យ អឺងធួង ( វត្តពោធិ៍វាល)។
ព្រះចៅអធិការវត្តកណ្តាល ព្រះនាម កែវ សំពង់ មានថេរដីកាថា មុនពេលកើតហេតុ ព្រះអង្គមិនបានកត់សម្គាល់ពីកាយវិការរបស់ព្រះសង្ឃរងគ្រោះ មានអ្វីប្លែកគួរឲ្យចាប់អារម្មណ៍នោះទេ។ លុះមកដល់វេលាខាងលើ ក៏ឃើញមានផ្សែងហុយចេញពីកុដិរបស់សង្ឃរងគ្រោះ បង្កឲ្យភ្ញាក់ផ្អើលឡើង ហើយនាំគ្នាគាស់ទ្វារកុដិ ទើបប្រទះឃើញសង្ឃរងគ្រោះ ត្រូវអណ្ដាតភ្លើងឆេះរោលមើលលែងយល់ បណ្ដាលឲ្យសុគត នៅលើគ្រែ។
ក្រោយពេលកើតហេតុ មន្រ្ដីជំនាញផ្នែកបច្ចេកទេស និងកោសល្យវិច័យ បានចុះមកពិនិត្យ។ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុច្បាស់លាស់នៅឡើយ ដោយរង់ចាំស្រាវជ្រាវ និងស៊ើបអង្កេតបន្តទៀត។ បន្ទាប់មក សមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិរបស់ព្រះសង្ឃរងគ្រោះ រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕