លោក ម៉ៅ ធនិន អភិបាលខេត្ត កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចមុខសាលាខេត្ត រហូតដល់ផ្លូវបំបែកពោធិ៍វង់ ស្ថិតក្នុងស្រុកកណ្តៀង ហើយបន្តចុះពិនិត្យ នៅភូមិស្ទឹងតូច សង្កាត់រលាប និងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើង ដល់កម្រិតប្រកាសអាសន្ន។
លោក ម៉ៅ ធនិន បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត យើងបានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត អំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ដែលកំពុងជន់ឡើងខ្លាំង។ សូមបងប្អូនស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្ន ចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីការជះឥទ្ធិពលព្យុះថ្មីមួយទៀត ឈ្មោះ នូល (NOUL) បោកបក់មកលើប្រទេសកម្ពុជា អាចបង្កឱ្យមានភ្លៀងធ្លាក់ និងមានជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តជាប់នឹងមាត់សមុទ្រ ក្នុងនោះក៏មានខេត្តពោធិ៍សាត់ ដែលកំពុងយាយីពីជំនន់ទឹកភ្លៀង។
បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាសធាតុ រួចមកមន្ទីរធនធានទឹកខេត្ត បានប្រកាសឱ្យដឹងថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងធំ និងស្ទឹងអារ៉ែង ហើយកម្ពស់មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងជាបន្តបន្ទាប់ និងអាចបង្កឱ្យមានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់។
យោងតាមស្ថានភាពអាកាសធាតុខាងលើ សូមជម្រាបជូនដំណឹងដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕