ខេត្ដសៀមរាប៖ បុរសម្នាក់បើកម៉ូតូ ដឹកកូនប្រពន្ធ ស្រាប់តែរថយន្ដរេចង្កូតមកបុកយ៉ាងពេញទំហឹង ដួលបោកទៅលើថ្នល់ បណ្ដាលឲ្យទារិកាម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង៣នាក់ផ្សេងទៀតរងរបួស កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៩៧-៣៩៨ ស្ថិតក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថយន្ដមួយគ្រឿង ម៉ាកឡិចស៊ីស LS-460 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-39 95 បើកបរយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាកវ៉េវ សេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1D-4291 ជិះគ្នា៤នាក់។ លុះពេលពួកគេធ្វើដំណើរមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូបានបត់ឆ្លងផ្លូវ ក៏ប៉ះគ្នាជាមួយនឹងរថយន្ដ បណ្ដាលឲ្យម៉ូតូដួលបោកទៅលើថ្នល់ ស្លាប់ទារិកាម្នាក់ ហើយមនុស្ស៣នាក់ទៀត រងរបួសធ្ងន់ និងស្រាល។ ដោយឡែក រថយន្ដបានជ្រុលចង្កូតទៅបុកដើមឈើ បណ្ដាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អ្នកបើករថយន្ដ ឈ្មោះ ហេង សេងហាំង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ រីឯអ្នកបើកម៉ូតូ ឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបង្កោង ឃុំអម្ពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសស្រាល) ។ ចំណែកអ្នករួមដំណើរជាមួយ រួមមាន ទី១-ប្រពន្ធឈ្មោះ តាយ តាន់ អាយុ៣៦ឆ្នាំ (របួសស្រាល) ទី២-កូនស្រីឈ្មោះ ពេជ្រ មូនិកា អាយុ៦ខែ (ស្លាប់) និងទី៣-កូនស្រីឈ្មោះ ពេជ្រ មូលីកុដ្ឋ អាយុ៦ឆ្នាំ (របួសធ្ងន់)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងវាស់វែង តាមលក្ខណ:បច្ចេកទេស នៃច្បាប់ចរាចរណ៍ រួចហើយនាំយកវត្ថុតាងពាក់ព័ន្ធទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីរង់ចាំដោះស្រាយតាមច្បាប់។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនអាណាព្យាបាល ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕