រដ្ឋធានីអ៊ិស្លាមបាដ៖ ក្រោយពេលយន្ដហោះចម្បាំងដ៏ទំនើប ប្រភេទ Rafale ផលិត នៅប្រទេសបារាំង បានមកដល់ប្រទេសឥណ្ឌា ប៉ាគីស្ថានបានចាប់ផ្ដើមបញ្ជាទិញយន្ដហោះចម្បាំងដ៏ទំនើប ប្រភេទ J-10CE ចំនួន៣០គ្រឿង ពីប្រទេសចិន។
បើតាមគេហទំព័រ Defenceaviationpost បានឲ្យដឹងថា ក្រោយពេលឥណ្ឌាទិញយន្ដហោះចម្បាំងដ៏ទំនើបពីប្រទេសបារាំង ដើម្បីយកមកចូលរួមនៅក្នុងល្បែងសង្រ្គាម ធ្វើឲ្យប្រទេសប៉ាគីស្ថាន មានការព្រួយបារម្ភអំពីសន្ដិសុខជាតិ ទើបប្រទេសនុយក្លេអ៊ែរ នៅអាស៊ីខាងត្បូងមួយនេះ ធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីទិញយន្ដហោះចម្បាំងដ៏ទំនើបប្រភេទ J-10CE ចំនួន៣០គ្រឿងពីប្រទេសកុម្មុយនីស្ដមួយនេះ ។ យន្ដហោះប្រភេទនេះ អាចបំពាក់មីស៊ីល បាញ់ពីអាកាសទៅអាកាស ក្នុងរយ:ចម្ងាយឆ្ងាយ។
ប្រភពព័ត៌មានដដែល បានបន្ដថា កាលពីឆ្នាំ២០១៩កន្លងមកនេះ ប៉ាគីស្ថានបានស្នើទិញយន្ដហោះដ៏ទំនើប ប្រភេទ J-10 ពីចិន។ រីឯយន្ដហោះ ប្រភេទ JF-17 បានផលិតរួមគ្នា រវាងចិន និងប៉ាគីស្ថាន ហើយយន្ដហោះ J-10 នឹងត្រូវដាក់ជំនួសប្រភេទយន្ដហោះខាងលើនេះ។ ប៉ុន្ដែក្រោយពេលយន្ដហោះចម្បាំងដ៏ទំនើប ប្រភេទ Rafales ផលិតនៅប្រទេសបារាំងបានមកដល់ប្រទេសឥណ្ឌា ទើបនាំឲ្យមានការសម្រេចចិត្ត រវាងប្រទេសចិន និងប៉ាគីស្ថាន ទិញ និងលក់យន្ដហោះ J-10 នេះ។
ប្រភពព័ត៌មានពីមន្រ្ដីរដ្ឋាភិបាលប៉ាគីស្ថាន បានថ្លែងថា ប៉ាគីស្ថាន ក៏បានស្នើសុំទិញយន្ដហោះ ប្រភេទ PL-10 និង PL-15 ដែលអាចបំពាក់មីស៊ីលវាយប្រហារពីលើអាកាសទៅលើអាកាស ក្នុងរយ:ចម្ងាយខ្លី និងចម្ងាយឆ្ងាយ។ កងទ័ពរំដោះប្រជាជនចិន បានផលិតយន្ដហោះ ប្រភេទ J-10 ប្រព័ន្ធរ៉ាដា AESA និងប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀត សម្រាប់ការនាំចេញផងដែរ។
ដោយឡែកមន្ទីរបញ្ចកោណ បានចោទប្រកាន់ថា ចិនជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ដល់ប្រទេសប៉ាគីស្ថាន ហើយអាមេរិកនឹងជួយដល់សម្ពន្ធមិត្តរបស់ខ្លួន (ឥណ្ឌា) ប្រសិនបើចិនវាយប្រហារលើឥណ្ឌា។ ក្រៅពីនេះ ចិនអាចនឹងយកប្រទេសប៉ាគីស្ថាន ជាទីតាំងឈរជើងយុទ្ធសាស្រ្ដរបស់ខ្លួនថែមទៀតផង៕