រាជធានីបាងកក៖ អគ្គីបានឆាបឆេះយានដ្ឋានមួយកន្លែង បណ្ដាលឲ្យខូចខាតរថយន្ដប្រណីត១៥គ្រឿង ដែលគិតជាទឹកប្រាក់ ប្រហែល៤០លានបាត (ប្រាក់ថៃ) កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងខណ្ឌ Saphan Sung មានចម្ងាយប្រហែល១៣គីឡូម៉ែត្រ ពីអាកាសយានដ្ឋាសុវណ្ណភូមិ ក្រុងបាងកក។
បើតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានរាយការណ៍ថា គ្រោះអគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះយានដ្ឋាន SY Auto Technic នាពាក់កណ្ដាលអធ្រាត្រ។ ប៉ុន្ដែក្រុមអ្នកពន្លត់អគ្គិភ័យ មានការលំបាក ចូលទៅពន្លត់ ដោយបាញ់ទឹកពន្លត់បានតែពីខាងក្រៅ ព្រោះទ្វារត្រូវចាក់សោជាប់ ទម្រាំម្ចាស់ត្រឡប់មកពីខាងក្រៅ បើកទ្វាររបងបាន គឺភ្លើងបានឆាបឆេះឡើងពេញបន្ទុកទៅហើយ។
មន្រ្ដីប៉ូលិសក្នុងតំបន់ បានថ្លែងថា នៅក្នុងហេតុការណ៍នោះ មិនមានមនុស្សណាម្នាក់គ្រោះថ្នាក់នោះទេ។ ប៉ុន្ដែរថយន្ដស៊េរីទំនើបចំនួន១៥គ្រឿង ត្រូវខូចខាតទាំងអស់ រួមមាន រថយន្ដ Porsche, Mercedes-Benz, Jaguar និងរថយន្ដ Toyota Alphard …ជាដើម។ ករណីនេះ ប៉ូលិសកំពុងតែស៊ើបអង្កេតស្វែងរកមូលហេតុ។ រីឯទំហំ នៃការខូចខាត គិតជាទឹកប្រាក់ អស់៤០លានបាត(ប្រាក់ថៃ) ឬស្មើនឹង ១ ២៧៨ ១៥៩ ដុល្លារអាមេរិក៕