ខេត្តត្បូងឃ្មុំ៖ យុវជនម្នាក់បានបង្ហោះវីដេអូតាមបណ្ដាញសង្គមថា « អង្គរវត្ដមិនមែនជារបស់ខ្មែរ» ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ។
ក្រោមការបញ្ជារបស់លោក ប៉ែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ កម្លាំងសមត្ថកិច្ច បានចុះទៅស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនយុវជន ឈ្មោះ ញ៉ែល ធារីណា រស់នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ការឃាត់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីរូបគេ បង្ហោះវីដេអូខ្លីមួយ លើបណ្តាញសង្គមហ្វេសប៊ុក ដោយនិយាយថា អង្គរវត្តមិនមែនជារបស់ខ្មែរទេ។
បើតាមព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តត្បួងឃ្មុំ បានឲ្យដឹងថា សមត្ថកិច្ចជំនាញកំពុងសាកសួរយុវជនរូបនេះ ដើម្បីចាត់ការតាមនីតិវិធី។ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចាត់ទុកការនិយាយថា អង្គរវត្តមិនមែនជារបស់ខ្មែរ គឺបង្កឲ្យប្រជាពលរដ្ឋកម្ពុជា ប្រតិកម្មទូទាំងប្រទេស ហើយ សំណូមពរ ឲ្យសមត្ថកិច្ចចាត់ការលើយុវជនរូបនេះ តាមច្បាប់ដោយមិនត្រូវលើកលែងឡើយ។
យុវជនឈ្មោះ ធារីណា និយាយថា៖ «ម្នាក់ៗចូលចិត្តបង្ហោះរូបប្រាសាទអង្គរវត្ត ធ្វើដូចប្រាសាទអង្គរវត្តជារបស់ខ្មែរអ៊ីចឹង តាមពិត មិនមែនរបស់ខ្មែរទេ កុំបង្ហោះពេក បើអាច សម្រាកខ្លះទៅ ឈប់បានឈប់ទៅ មិនមែនរបស់ខ្លួនទេ»។ នេះមិនខុសពីពាក្យចាស់លោកពោលថា « ត្រីកំភ្លាញងាប់ដោយសារមាត់» នោះឡើយ៕