រាជធានីភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ មានការចែករំលែករូបថត តាមបណ្ដាញសង្គម ស្ដីពីការចោលសំបកដប នៅក្នុងវត្ដ ដែលមើលទៅហួសចិត្ដ ក្នុងនាមយើងជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយបញ្ហានេះក៏មានលើកជាសំណួរចោទសួរថា យើងគ្រប់គ្នាទៅវត្ដ ដើម្បីសន្សំបុណ្យកុសល ឬក៏បន្ថែមបាបមកវិញ?
ជាការពិតណាស់ ទីអារាមជាកន្លែងគោរពបូជា នៃមនុស្សផងទាំងពួង ហើយទីនោះត្រូវតែមានការថែរក្សាឲ្យស្អាត សមរម្យជាកន្លែង ឬជាទីសក្ការបូជា។ ប៉ុន្ដែបើយើងទាំងអស់គ្នានាំគ្នាទៅធ្វើបុណ្យ ហើយចោលសំរាម ឬសម្បកដបបែបនេះ វាជាការមិនសមរម្យទាល់តែសោះ ហើយវានាំបាបដល់យើងទាំងមិនដឹងខ្លួនផងដែរ។
បើតាមលោកព្រឹទ្ធាចារ្យ សើន ជាអ្នកចេះដឹងខាងព្រះពុទ្ធសាសនាយ៉ាងជ្រៅជ្រះម្នាក់ បានមានប្រសាសន៍ថា ទីអារាម ជាកន្លែងគោរពបូជា សម្រាប់ជនានុជន និងជាទីស្ងប់ស្ងាត់ សម្រាប់សិក្សានូវធម៌អាថ៌ ដើម្បីអប់រំចិត្តរបស់យើង មិនឲ្យក្រេវក្រោធ។ អារាម ជាទីសម្រាប់យើងទាំងអស់គ្នាសាង ឬសន្សំកុសល។ ការសន្សំអំពើល្អនេះ មិនមែនចាំតែមានលុយកាក់ប្រាក់កាស ទើបធ្វើបុណ្យ បានបុណ្យនោះទេ សូម្បីតែយើងជួយជម្រះស្មៅ ក៏យើងទទួលបានបុណ្យកុសលផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើយើងយកសំរាម ឬវត្ថុមិនល្អទៅចោលនៅទីនោះ វានឹងនាំបាបមកដល់យើងទាំងមិនដឹងខ្លួន។
លោកព្រឹទ្ធាចារ្យ បានបញ្ជាក់ថា សូម្បីតែសត្វចាបពាំស្មៅចេញពីវត្ដ ក៏វាទទួលបាននូវបុណ្យកុសលដែរ។ ម្យ៉ាងទៀត បើយើងទៅធ្វើបុណ្យ នៅក្នុងវត្ដ យើងមិនត្រូវចោលសំរាម ឬសេពគ្រឿងស្រវឹងនោះឡើយ។ រីឯវត្ថុ ឬកាកសំណល់ដែលយើងហូបហើយ ក៏ត្រូវវេចខ្ចប់យកទៅបោះចោល នៅខាងក្រៅ ឬកន្លែងទុកដាក់សំរាម។ ការធ្វើបែបនេះ យើងទទួលបានបុណ្យកុសលផង ហើយបរទេសចេះកោតសរសើរដល់ចរិតរបស់ខ្មែរយើងផងដែរ។ ប៉ុន្ដែបើយើងចោលកាលសំណល់ នៅលើក្នុងវត្ដ វានឹងនាំឲ្យយើងទទួលបាបទាំងមិនដឹងខ្លួនទៅវិញ ព្រោះថា បុណ្យ (អំពើល្អ) កើតឡើងពីចិត្តដ៏បរិសុទ្ធរបស់យើងម្នាក់ៗសុទ្ធសាធ ហើយក៏មិនគិតពីឋាន: ឬតួនាទីអ្វីដែរ៕