រដ្ឋធានីប៉េកាំង៖ សារព័ត៌មាន CNA បានផ្សាយ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ថា ក្រោយពេលមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក បានចេញរបាយការណ៍របស់ខ្លួន ដោយលើកឡើងថា ចិនកំពុងតែព្យាយាមបង្កើនការផលិតនូវក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងចំនួនកើនឡើងទ្វេដង ដើម្បីត្រៀមខ្លួន យកឈ្នះអាមេរិក នៅលើបញ្ហាកោះតៃវ៉ាន់ នោះមក ធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង និងថ្កោលទោស ចំពោះការលើកឡើងរបស់អាមេរិក។
មន្ទីរបញ្ចកោណអាមេរិក បានលើកឡើង នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ក្រៅពីមានគោលបំណង ដើម្បីឲ្យមានភាពស្មើគ្នាខាងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិកនោះ កងទ័ពរំដោះប្រជាជនចិនបានផ្តោតលើប្រតិបត្តិការរួមគ្នា រារាំង ឬកម្ចាត់រាល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក នៅក្នុងអន្តរាគមន៍ជួយតៃវ៉ាន់។ របាយការណ៍ដដែល បញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន កំពុងតែរត់ប្រណាំង ឬនាំមុខគ្រប់ផ្នែក នៃកងទ័ពអាមេរិក ដោយរួមទាំងការសាងសង់នាវាចម្បាំង ផលិតមីស៊ីលបាលីស្ទីក បាញ់នៅលើដី នៅលើទឹក និងប្រព័ន្ធការពារដែនអាកាស។
អ្នកវិភាគឯករាជ្យ បានលើកឡើងថា ការប៉ាន់ប្រមាណជាសាធារណ:អំពីសមត្ថភាពនុយក្លេអ៊ែររបស់ចិន បានសរសេរ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ មានក្បាលគ្រាប់តិចជាង២០០ គ្រាប់ នៅក្នុងឃ្លាំងស្ដុកនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្ដែអ្នកវិភាគ បានប៉ាន់ប្រមាណថា ចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ រហូតដល់ទៅ៣០០គ្រាប់ ឬច្រើនជាងនេះ។
មន្ទីរបញ្ចកោណ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងតែអភិវឌ្ឍកម្លាំងកងទ័ពឲ្យមានសមត្ថភាពស្មើ ឬខ្លាំងជាងអាមេរិក ដើម្បីរារាំងរាល់សកម្មភាពអន្ដរាគមន៍របស់អាមេរិក។ ចិនមានមហិច្ឆតាចង់បង្កើនឥទ្ធិពល នៅក្នុងតំបន់ប៉ាស៊ីហ្វិក ហើយនឹងនាំតៃវ៉ាន់ ជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង់របស់ខ្លួន។ រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងតែស្វះស្វែង យកជ័យជម្នះលើសង្រ្គាម ដែលអាចនឹងកើតឡើងជាមួយនឹងអាមេរិក នៅលើកោះតៃវ៉ាន់នេះ ថែមទៀតផង។
របាយការណ៍ដដែលនេះ បានបន្ថែមទៀតថា «ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ចិនអាចនឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ រហូតដល់ទ្វេដង បន្ថែមពីលើក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានស្រាប់ជាង ២៦០គ្រាប់»។
ក្រសួងការពារជាតិចិន បានហៅរបាយការណ៍ខាងលើនេះថា «ខុសទាំងស្រង់» និងជាការបកស្រាយខុស ពីគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រយោធារបស់ចិន។ មិនតែប៉ុណ្ណោះ ក្រុងប៉េកាំងថែមទាំងបានបញ្ជាក់ដែរថា របាយការណ៍នេះ គឺជាឧទាហរណ៍ចុងក្រោយបង្អស់ នៃការគេងបន្លំរបស់សហរដ្ឋអាមេរិក ដើម្បីបិទបាំងអំពីការចំណាយយោធា ដ៏ច្រើនលើសលុបរបស់ខ្លួនតែប៉ុណ្ណោះ។
អ្នកនាំពាក្យការបរទេសចិន លោកស្រី Hua Chunying បានថ្លែង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ថា «ប្រទេសចិនតែងតែអនុវត្តគោលនយោបាយការពារជាតិ ដោយផ្អែកលើលក្ខណៈការពារ ដូចអ្វីដែលអ្នកដឹងហើយថា ចិន ជាអ្នកកសាងសន្តិភាពពិភពលោក»៕