រដ្ឋធានីវ៉ាស៊ីនតោន៖ អាមេរិក នៅថ្ងៃទី៣ ខែកញ្ញា បានដាក់កំណត់ដល់មន្ត្រីការទូតរបស់ចិនទាំងអស់ ត្រូវស្នើសុំក្នុងការទៅធ្វើទស្សនកិច្ច នៅតាមសាកលវិទ្យាល័យនានារបស់អាមេរិក ឬក៏ការបង្កើតនូវព្រឹត្ដិការណ៍វប្បធម៌ ដែលមានមនុស្សលើសពី៥០នាក់។
បើតាមសារព័ត៌មានរបស់រុស្ស៊ី Sputnik បានផ្សាយ នៅព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ថា កាលពីពេលកន្លងមកនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានដាក់វិធានការរឹតត្បិតជាច្រើន លើមន្ត្រីទូតអាមេរិក នៅក្នុងប្រទេសចិន។ ជាការសងសឹកវិញនោះ ក្រសួងការបរទេសអាមេរិក បានដាក់កំណត់ព្រំដែនដល់មន្ត្រីការទូតរបស់ចិនទាំងអស់ ត្រូវស្នើសុំក្នុងការទៅធ្វើទស្សនកិច្ច នៅតាមសាកលវិទ្យាល័យនានារបស់អាមេរិក ឬក៏ការបង្កើតនូវព្រឹត្ដិការណ៍វប្បធម៌ ដែលមានមនុស្សលើសពី៥០នាក់។
ទោះជាយ៉ាងណា ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកថា ការសម្រេចចិត្តរបស់អាមេរិក ខាងលើ ជាទង្វើអយុត្តិធម៌ និងបង្កឧបសគ្គដល់មន្ត្រីទូត និងស្ថានកុងស៊ុលចិន នៅលើទឹកដីអាមេរិក។ បញ្ហានេះ គឺផ្ទុយទាំងស្រុងនឹងអ្វីដែលអាមេរិកអួតអាងថា អាមេរិកជាអ្នកការពារសិទ្ធិ និងការបើកចំហសេរីភាព៕