រដ្ឋធានីប៉ារីស៖ ក្រោយពេលក្រុម Paris St-Germain ប្រកួតចាញ់ Bayern Munich ដោយលទ្ធផល 0-1 ក្នុងការដណ្តើមពាន UEFA Champions League កាលពីរាត្រី ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០នោះមក ក្រុមអ្នកគាំទ្រក្លឹបកំពូលរបស់បារាំងមួយនេះ បានខឹងសម្បានឹងក្លឹបរបស់ខ្លួន ហើយនាំគ្នាបង្កើតភាពចលាចល និងវាយដុតបំផ្លាញទ្រព្យសម្បត្ដិសាធារណ: ទើបប៉ូលិសចេញធ្វើអន្ដរាគមន៍ ឃាត់ខ្លួនចំនួន១៤៨នាក់ ក្នុងចំណោមបាតុកររាប់ពាន់នាក់។
បណ្ដាញទូរទស្សន៍របស់អង់គ្លេស BBC បានចេញផ្សាយថា ក្រុមអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅខាងក្រៅពហុកីឡដ្ឋាន Parc des Princes ដើម្បីទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌអឺរ៉ុប Champions League នៅលើកញ្ចក់អេក្រង់ដ៏ធំមួយ ដែលបានធ្វើឡើង នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ កាលពីរាត្រី ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។ ប៉ុន្ដែក្រោយពេលក្រុមរបស់ខ្លួនចាញ់ក្លឹបកំពូលនៅប្រទេសអាល្លឺម៉ង់ នោះមក ពួកគេខឹងសម្បាយ៉ាងខ្លាំង រហូតឈានដល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណ:។
ប៉ូលិសទីក្រុងបារីស បានថ្លែងថា ក្រោយពេលក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Paris St-Germain បង្កនូវភាពចលាចលបែបនេះ ប៉ូលិសបានចេញទៅធ្វើអន្ដរាគមន៍ ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១៤៨នាក់។ រីឯការប៉ះទង្គិចគ្នានេះបានកើតឡើង នៅតាមវិថី Champs-Elysees និងនៅជុំវិញពហុកីឡដ្ឋាន Parc des Princes ក្រោយអ្នកគាំទ្របានប្រមូលផ្តុំគ្នា មើលការប្រកួត នៅលើកញ្ចក់អេក្រង់ដ៏ធំមួយ នៅទីនោះ។
ប៉ូលិស បានបញ្ជាក់ថា ក្រុមអ្នកគាំទ្រមួយចំនួនបានដុតកម្ទេចរថយន្ត ទ្វារ និងបង្អួចហាង នៅក្បែរនោះ ដោយសារខឹងនឹងក្លឹប PSG ចាញ់ក្លឹបកំពូល នៅអាល្លឺម៉ង់ នៅក្នុងព្យាយាមលើកពាន Champions League ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបនេះ៕