រដ្ឋធានីតេអ៊ីរ៉ង់៖ ក្រោយពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឲ្យកងទ័ពប្រើយន្ដហោះគ្មានមនុស្សបើកបរ សម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់នោះមក ប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ បានផលិតមីស៊ីលដ៏ទំនើប ហើយដាក់មេទ័ពនោះ និងបាញ់សាកល្បង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ផ្គើននឹងបម្រាមរបស់មហាអំណាច ។
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក អាមៀ ហាតាមី បានថ្លែង នៅតាមកញ្ចក់ទូរទស្សន៍ថា «កាំជ្រួចនេះត្រូវបានដាក់ឈ្មោះតាមមេទ័ពកំពូល Qassem Soleimani ដែលត្រូវកងទ័ពអាមេរិក បានបាញ់សម្លាប់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតទីក្រុងបាដាត ប្រទេសអ៊ីរ៉ាក់»។ កាំជ្រូច Qassem Soleimani អាចហោះបានចម្ងាយហោះ១.៤០០គីឡូម៉ែត្រ និងកាំជ្រួចបណ្តែតឈ្មោះAbu Mahdi អាចហោះបានចម្ងាយ១.០០០គីឡូម៉ែត្រ»។
រដ្ឋមន្រ្ដីការពារជាតិអ៊ីរ៉ង់ បានអះអាងថា នេះជាកាំជ្រួចបណ្តែតថ្មីបំផុតរបស់អ៊ីរ៉ង់ ហើយកាំជ្រូចទាំងនេះ អាចនឹងជួយពង្រឹងអំណាចការពារខ្លួនបាន។ លោក Soleimani ជាប្រមុខកងកម្លាំងQuds របស់អ៊ីរ៉ង់ និងមេបញ្ជាការកងជីវពលអ៊ីរ៉ាក់ Abu Mahdi al-Muhandis ។ មេទ័ពរូបនេះ ត្រូវបានកងទ័ពអាមេរិក វាយប្រហារតាមអាកាសទៅលើក្បួនរថយន្តរបស់លោក នៅជិតអាកាសយានដ្ឋានទីក្រុងបាដាត ប្រទេសអ៊ីរ៉ាក់។
ប្រទេសអ៊ីរ៉ង់ បានប្រកាសអំពីការសាកល្បងមីស៊ីលថ្មីនេះ បានកើតឡើង ចំពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជំរុញឲ្យអង្គការសហប្រជាជាតិ និង ប្រទេសនានា បង្កើនការដាក់សម្ពាធលើទណ្ឌកម្មលើប្រទេអ៊ីរ៉ង់។ ការដែលអាមេរិកជំរុញបែបនេះ ក៏ដោយសារទណ្ឌកម្មនោះ នឹងត្រូវផុតកំណត់ការអនុវត្ត នៅខែតុលា ខាងមុនេះ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផមផេវ បានថ្លែង កាលពីថ្ងៃទី១៨ ខែសីហា ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យលោកប្រាប់ នៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក នៅថ្ងៃទី២០ ខែសីហា ថា អាមេរិកនឹងដាក់ទណ្ឌកម្មទាំងអស់លើអ៊ីរ៉ង់បន្ដទៀត ។ ប៉ុន្ដែក្រុមប្រឹក្សាសន្ដិសុខ បានបដិសេធការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការទណ្ឌកម្មលើអ៊ីរ៉ង់ បន្ដទៀត៕