ខេត្តកំពង់ធំ៖ ក្មេងពាលម្នាក់ខឹងនឹងជីដូនរបស់ខ្លួនមិនឲ្យលុយ ក៏ផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ឡើង យកដែកកេះមកដុតម៉ូតូឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។
លោកវរសេនីយ៍ទោ វ៉ន សុភ័ណ្ឌ អធិការរងនគរបាលស្រុកស្ទោង ទទួលផ្នែកព្រហ្មពណ្ឌ ឱ្យដឹងថា ជនសង័្សយ ឈ្មោះ កាក់ ដាវីត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅជាមួយនឹងជីដូនក្នុងភូមិកើតហេតុ។ រីឯឪពុកម្តាយរបស់គេ បាននាំគ្នាធ្វើចំណាកស្រុក ទៅធ្វើជាពលករ នៅឯប្រទេសថៃ អស់ហើយ។
ជនសង័្សយ បានសារភាពថា កន្លងមក រូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀនដែរ។ ប៉ុន្ដែករណីខាងលើនេះ ក៏ដោយសារតែគេខ្ចីលុយបងប្អូន ក្នុងភូមិមួយចំនួន យកមកចាយវាយ ហើយសន្យាជាមួយនឹងម្ចាស់លុយថា ចាំសុំលុយពីយាយ យកមកសងវិញ តែនៅពេលយាយមិនឲ្យ ហើយរកគាត់មិនឃើញ ក៏ផ្ទុះកំហឹងដុតម៉ូតូចោលតែម្ដងទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរព័ត៌មានបន្ថែម និងចាត់ការតាមច្បាប់៕