រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង ចែកអំណាចមួយចំនួនដល់ប្អូនស្រីរបស់លោក ក្រោមហេតុផលថា ឲ្យលោកស្រីជួយដោះស្រាយការងារមួយចំនួនដល់មេដឹកនាំ នៃប្រទេសផ្ដាច់ការមួយនេះ។
បើតាមទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ទេរសិទ្ធិអំណាចមួយផ្នែករបស់លោកទៅឱ្យប្អូនស្រី គឺលោកស្រី គីម យូជុង ដើម្បីជួយលោក ទប់ទល់នឹងភាពតានតឹង ដែលកំពុងកើនឡើង ក្នុងការដឹកនាំប្រទេសកូរ៉េខាងជើង។ ប៉ុន្ដែរហូតមកដល់ពេលនេះ លោកស្រី គីម យុជុង ក្លាយជាមេបញ្ជាការលំដាប់ទី២របស់លោក គីម បើទោះជាលោកស្រី មិនត្រូវបានប្រកាសតែងតាំង ជាអ្នកស្នងតំណែងក៏ដោយ។
ភ្នាក់ងារស៊ើបការសម្ងាត់ជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា លោកស្រី គីម យូជុង មានតួនាទីជាអនុប្រធានគណ:កម្មាធិការមជ្ឈិមគណបក្សពលករ។ បើតាមអំណាចនេះ លោកស្រីមានតួនាទីគ្រប់គ្រងលើបុគ្គលិកទាំងអស់ថែមទៀតផង។
ទោះជាយ៉ាងណា ទីភ្នាក់ងារសម្ងាត់របស់កូរ៉េខាងត្បូង បានបន្ថែមថា លោកប្រធាន គីម ជុងអ៊ុន នៅតែរក្សាសិទ្ធិអំណាចដាច់ខាតរបស់ខ្លួន ប៉ុន្តែស្ថាប័នខ្លះត្រូវបានលោកប្រគល់ទៅឲ្យប្អូនស្រី និងមន្រ្ដីមួយចំនួនគ្រប់គ្រងដែរ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានដកស្រង់ប្រភពពីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងយកមកចុះផ្សាយថា លោក Pak Pong Ju អនុប្រធានាគណ:កម្មការកិច្ចការដ្ឋ និងលោក Kim Tok Hun ជានាយករដ្ឋមន្រ្ដី នៃប្រទេសកូរ៉េខាងជើង នៅតែបន្ដអំណាចគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចផងដែរ។
ដោយឡែកលោកស្រី គីម យូជុង បានចាប់ផ្ដើមបង្ហាញមុខ នៅមុនពេលកិច្ចប្រជុំកំពូល រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៩ នៅក្នុងប្រទេសវៀតណាម។ ការបង្ហាញវត្ដមានរបស់លោកស្រី ក៏ជាកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ដើម្បីធានាដល់ការងារគ្រប់យ៉ាងឲ្យរលូន សម្រាប់បងបង្កើតរបស់លោកស្រី នៅក្នុងការធ្វើដំណើររបស់លោក គីម នៅតាមផ្លូវរថភ្លើង៕