ខេត្តត្បូងឃ្មុំ៖ ធនធានធម្មជាតិដ៏កម្ររបស់ប្រទេសនីមួយៗ អាចគង់វង្សទៅបាន លុះត្រាតែប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ រួបរួមគ្នាជាធ្លុងមួយជួយការពារ ហើយវានឹងផ្ដល់អត្ថប្រយោជន៍មកដល់ខ្លួនយើងផង និងកូនចៅរបស់យើងផង ប៉ុន្ដែប្រសិនបើយើងបំផ្លាញធនធានទាំងនោះ ពិតជាក្មេងជំនាន់ក្រោយ ត្រូវរងទុក្ខវេទនា និងជេរប្រទេចមកយើងជាមនុស្សជំនាន់មុនថែមទៀតផង។
បើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់រដ្ឋបាលក្រូចឆ្មារ ក៏បានសរសេរលើកទឹកចិត្ដដល់អ្នកទិញត្រីគល់រាំង ជាប្រភេទត្រីដ៏កម្រ និងធំបំផុតមួយប្រភេទមកលែង ថា យើងខ្ញុំសូមថ្លែងអំណរគុណដល់លោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ បច្ចុប្បន្ននៅភ្នំពេញ ដែលមានស្រុកកំណើត នៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានចំណាយថវិកា១លានរៀល ដើម្បីទិញត្រីគល់រាំង ទម្ងន់៥៤គីឡូក្រាម មកលែងនៅក្នុងទន្លេមេគង្គវិញ។ ត្រីគល់រាំង១ក្បាលនេះ នឹងអាចបង្កើតបានត្រី ជាង១លានក្បាល ជារៀងរាល់ឆ្នាំ។ ដូច្នេះការចំណាយថវិកា១លានរៀល អាចនឹងកើនថវិកា ១លានរៀនរាប់លានដងតទៅ។
បើតាមព្រឹទ្ធចារ្យ សឿន ជាអ្នកចេះដឹងអំពីព្រះពុទ្ធសាសនាជ្រៅជ្រះម្នាក់ បានថ្លែងថា ការឲ្យអភ័យដល់សត្វ ឬដោះលែងសត្វឲ្យមានសេរីភាពឡើងវិញបែបនេះ ជាការប្រពៃណាស់ ហើយវានាំឲ្យយើងទទួលបានបុណ្យកុសលច្រើនផងដែរ។ បើយើងនិយាយអំពីប្រយោជន៍ដ៏យូរអង្វែងវិញ បើយើងទិញត្រីខាងលើនេះមកហូប គឺវាគ្រាន់តែឆ្ងាញ់បានត្រឹមតែនៅចុងអណ្ដាតរបស់យើងទេ។ លុះវាកន្លងផុតចូលដល់បំពង់ក គឺវាលែងឆ្ងាញ់ហើយ។ ប៉ុន្ដែបើយើងលែងត្រីដ៏កម្រ ហើយជាប្រភេទត្រីទឹកសាបដ៏ធំបំផុតមួយ ចូលទៅក្នុងទន្លេ ឬបឹងធម្មជាតិវិញ វានឹងកើតកូនពូនជាចៅ ធ្វើឲ្យប្រទេសយើងកាន់តែសម្បូរបែប។
លោកព្រឹទ្ធាចារ្យ បានបន្ថែមថា កាលណាយើងបំផ្លាញធនធានធម្មជាតិ ទាំងជីវចម្រុះ នៅក្នុងទឹក និងលើដី មានន័យថា យើងកំពុងតែបំផ្លាញប្រទេសរបស់យើង និងនាំឲ្យកូនចៅជំនាន់ក្រោយរបស់យើងកាន់តែវេទនា។ ដោយឡែកសម្រាប់សប្បុរសធម៌ទាំង២នាក់ប្ដីប្រពន្ធ ចំណាយធនធានមកទិញត្រីគល់រាំងមកលែងបែបនេះ ក៏ជាគំរូដ៏ល្អសម្រាប់ជនានុជនទាំងឡាយ។ បើយើងនិយាយតាមទ្រឹស្ដីរបស់ព្រះពុទ្ធសាសនាវិញ កាលណាយើងឲ្យអភ័យដល់សព្វសត្វបែបនេះ គឺយើងទទួលបានបុណ្យកុសលច្រើន សម្រាប់ខ្លួនយើងទាំងបច្ចុប្បន្ន និងអនាគត ហើយអារម្មណ៍របស់យើងក៏ទទួលបាននូវសេចក្ដីសុខសប្បាយពីអំពើល្អទាំងនេះផងដែរ៕