ខេត្តសៀមរាប៖ ជនពាល២នាក់បានជិះម៉ូតូដេញកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យ ម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀត រងរបួស កាលពីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅមុខសណ្ឋាគារសុខាសៀមរាប (៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានអំពើហិង្សានោះ គេឃើញជនសង័្សយ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ (អត់ចាំស្លាកលេខ) បោះពួយយ៉ាងលឿន។ ស្របពេលនោះ ក៏មានជនរងគ្រោះមួយក្រុម មានគ្នា៥នាក់ ជិះម៉ូតូចំនួន៣គ្រឿង។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែជនសង័្សយបានកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ម្នាក់ និង៤នាក់ទៀតរងរបួស រួចហើយជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មានដដែល បានបន្ដថា ករណីហិង្សានេះ គេមិនបានដឹងថា ជនបង្ក និងជនរងគ្រោះមានរឿងអ្វីនឹងគ្នានោះដែរ។ ប៉ុន្ដែដោយសារមើលឃើញសកម្មភាពដ៏ឃោរឃៅបែបនេះ ពួកគាត់មានការភ័យខ្លាច អំពីបញ្ហាអសន្ដិសុខ នៅក្នុងសង្គមយ៉ាងខ្លាំង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ បន្ទាប់មក សមត្ថកិច្ចធ្វើកោសល្យវិច័យ និងកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនដៃដល់ នាំមកផ្ដន្ទាទោស តាមច្បាប់៕