ខេត្តព្រះសីហនុ៖ ជនជាតិចិនម្នាក់ ទំនងជាបែកថ្នាំ ដើរស្រែកឡូឡាតាមដងផ្លូវ ហើយគប់កញ្ចក់រថយន្ដរបស់ប្រជាពលរដ្ឋ ដែលចតចោល ធ្វើឲ្យអ្នករស់នៅក្រុងព្រះសីហនុ កើតការមិនសប្បាយចិត្ត ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានករណីបែបនេះកើតឡើង គេឃើញបុរសជនជាតិចិនម្នាក់ ដើរស្រែកឡូឡា នៅតាមដងផ្លូវ។ បន្ទាប់មក ជននេះបានរើសដុំថ្មគប់ទៅលើរថយន្ត តែមិនបង្កឱ្យបែកកញ្ចក់ទេ គ្រាន់តែមាន ជាប់ដុំថ្មនៅនឹងរថយន្តផ្នែកខាងមុខតែប៉ុណ្ណោះ។ ឃើញទង្វើបែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច។
ក្រោយពេលមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចនាំខ្លួនបុរសជនជាតិចិនម្នាក់នោះទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕