រាជធានីភ្នំពេញ៖ ជនពាល២នាក់បង្កើតជាជម្លោះទាស់ទែងគ្នា ហើយដុតផ្ទះអ្នកស្រុក ក៏ត្រូវប្រជាពលរដ្ឋស្រែកផ្អើលដល់សមត្ថកិច្ចចាប់វាយខ្នោះ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនដំបូង គេឃើញជនសង័្សយ២នាក់ បានឈ្លោះប្រកែកគ្នា តែគេមិនបានដឹងថា មានជម្លោះពីរឿងអ្វីនោះដែរ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញមានផ្សែងហុយចេញពីទីនោះ ទើបពួកគេដើរចេញ។ ឃើញហេតុការណ៍បែបនេះ អ្នកភូមិបាននាំគ្នាជួយពន្លត់ទាន់ឲ្យរលត់ទៅវិញ និងនាំគ្នាស្រែកផ្អើលឆោឡោដេញចាប់ជនសង្ស័យ រហូតឮដល់កម្លាំងសមត្ថកិច្ចកំពុងល្បាត នៅក្បែរនោះ ចេញមកជួយអន្ដរាគមន៍ ឃាត់ខ្លួនជនសង័្សយទាំង២នាក់។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ តាំង សៀវតុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាកម្មករ មានលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិខ២ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ចំណែកជនសង័្សយ ទី១-ឈ្មោះ សេត រ៉ូសិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) មានលំនៅភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ និងទី២-ឈ្មោះ ឡេះ រ៉ូសាលី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) មាន លំនៅភូមិ ខ២ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់តាមផ្លូវច្បាប់៕