រដ្ឋធានីប៉េកាំង៖ ក្រោយការប៉ះទង្គិច រវាងកងទ័ពចិន និងឥណ្ឌា នៅតាមព្រំដែននោះមក ទីក្រុងញូវដេលីក៏កំពុងតែស្វះស្វែងរកទិញសម្ភារសឹកទំនើបពីលោកខាងលិច សម្រាប់ធ្វើសង្រ្គាមទប់ទល់នឹងមហាយក្សចិន ហើយនៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានបញ្ជូនយន្ដហោះចម្បាំងបំបាងកាយ ដើម្បីសម្ញើញដាក់ឥណ្ឌាវិញ។
យោងតាមទស្សនាវដ្ដីហ្វបស៍ ( Forbes) បានផ្សាយ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ថា យន្ដហោះចម្បាំងបំបាំងកាយរបស់កងទ័ពចិន ប្រភេទ J-20 ចំនួន២គ្រឿង បានបង្ហាញខ្លួន នៅឯមូលដ្ឋានកងទ័ព Hotan នៅភាគខាងលិចប្រទេសចិន ដែលនៅឆ្ងាយពីភ្នំហិមពាន្ដ ពុះ ខណ្ឌ រវាងប្រទេសឥណ្ឌា និងចិន។
ថ្វីបើការដាក់ពង្រាយយន្ដហោះចម្បាំងបំបាំងកាយ ជាបណ្ដោះអាសន្នក្ដី តែគេអាចមើលឃើញថា នេះជាសញ្ញាបង្ហាញថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងទប់ទល់ជាមួយឥណ្ឌា ដោយដណ្ដើមយកឥទ្ធិពល នៅលើតំបន់ជម្លោះ នៅភ្នំហិមពាន្ដ (Himalayas) នោះ។ ទោះជាយ៉ាងណា គេនៅតែមិនទាន់ដឹងថា យន្ដហោះចម្បាំង J-20 ទាំង២នោះ មានឥទ្ធិពល នៅក្នុងការធ្វើសង្គ្រាមខ្លាំងប៉ុនណាដែរ។ យន្ដហោះចម្បាំងប្រភេទនេះ មិនដែលចូលប្រឡូក នៅក្នុងសមរភូមិពិត ដូចជា យន្ដហោះដ៏ទំនើប Dassault Rafale របស់កងទ័ពឥណ្ឌា ដែលបញ្ជាទិញមកពីប្រទេសបារាំងនោះឡើយ។
កងទ័ពចិនបានដាក់ពង្រាយយន្ដហោះចម្បាំង J-20 នៅក្នុងមូលដ្ឋានកងទ័ព Hotan មានចម្ងាយប្រហែលជាង៣០០គីឡូម៉ែត្រ ពីតំបន់ជម្លោះ Ladakh នាភាគខាងជើងឥណ្ឌា។ ជម្លោះនៅតំបន់នោះបានផ្ទុះឡើង រវាងកងទ័ពឥណ្ឌា និងចិន កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ ដោយបានបណ្ដាលឲ្យកងទ័ពឥណ្ឌា ចំនួន២០នាក់ស្លាប់។ រីឯកងទ័ពចិនក៏បានស្លាប់ ៤៣នាក់។
ចាប់តាំងពីមានការផ្ទុះជម្លោះនោះមក រដ្ឋាភិបាលទីក្រុងញូវដេលី បានខិតខំប្រឹងប្រែងទិញសម្ភារសឹកដ៏ទំនើបៗរាប់ពាន់លានដុល្លារអាមេរិក ពីប្រទេសរុស្សី បារាំង និងអាមេរិក សម្រាប់ទប់ទល់នឹងឥទ្ធិពលមហាយក្សចិន។
ដោយឡែកមហាអំណាចចិនវិញ មិនមានសម្ព័ន្ធមិត្តច្រើននោះដែរ។ ក្រៅពីជម្លោះជាមួយនឹងឥណ្ឌា ចិនកំពុងតែប្រឈមនឹងជម្លោះជាមួយនឹងសហរដ្ឋអាមេរិក បណ្ដាប្រទេសជាប់ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ជប៉ុន តៃវ៉ាន់ និងកូរ៉េខាងត្បូង…ជាដើម។ ប៉ុន្ដែប្រសិនបើសង្រ្គាមផ្ទុះឡើងមែន គេពិតជាអាចទស្សន៍ទាយទុកជាមុនថា បណ្ដាប្រទេសទាំងនោះ ពិតជាហក់ចូលទៅខាងអាមេរិកទាំងអស់ រួមគ្នាវាយប្រហារចិនជាក់ជាមិនខាន៕