ខេត្តព្រះសីហនុ៖ បុរសម្នាក់បានណាត់ទៅលេងកូន ក្នុងថ្ងៃឈប់សម្រាក ហើយនាំប្រពន្ធក្រោយទៅជាមួយផង បែរជាជួបនឹងគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨ និង៣០ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ ១១២-១១៣ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ គេឃើញរថយន្ដបែនមួយគ្រឿង ម៉ាក នីស្សាន់ (Nissan) ក្បាលពណ៌ខៀវ តួពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-2313 បើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ ស្របពេលនោះ ក៏មានបុរសម្នាក់បើកម៉ូតូ ម៉ាកវ៉េវ ពណ៌ក្រហម (មិនចាំស្លាកលេខ) ដឹកស្រ្ដីម្នាក់។ លុះពេលជនរងគ្រោះបើកម៉ូតូដឹកគ្នាមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដជ្រុលចង្កូតទៅបុកយ៉ាងពេញទំហឹង កិនអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។
មន្រ្ដីសមត្ថកិច្ចស្រុកកំពង់សិលា បានឲ្យដឹងថា បុរសជាអ្នកបើកម៉ូតូ មិនទាន់ស្គាល់អត្តសញ្ញាណ។ ចំណែកស្ត្រីជាប្រពន្ធ ឈ្មោះ ជឿន ខន រស់នៅភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកូនរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអកុសលនោះ ឪពុកបានទូរស័ព្ទមកថា គាត់នាំម្ដាយក្រោយទៅលេង ហើយគាត់បានឲ្យពួកគេជាកូនរៀបចំអាហារទុកជាមុន។ លុះមកដល់វេលាខាងលើ ស្រាប់តែពួកគេជាកូនទទួលដំណឹងថា ឪពុកបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នៅពេលទទួលដំណឹងបែបនេះ តើនរណាមិនស្លុតចិត្ដនោះ?
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ដបានព្យាយាមបើកគេចពីកន្លែងកើតហេតុ តែត្រូវកម្លាំងល្បាតរបស់កងរាជអាវុធហត្ថស្រុកកំពង់សិលា សហការជាមួយកម្លាំងប៉ូលិស ឃាត់រថយន្ដ និងអ្នកបើកបរ នៅចន្លោះគីឡូម៉ែត្រ ១០៧-១០៨។ បន្ទាប់មក សមត្ថកិច្ចបាននាំអ្នកបើកបរ និងរថយន្ដបង្ក នាំទៅចាត់ការតាមច្បាប់៕