រដ្ឋធានីតែលអាវីវ៖ កងទ័ពអាមរិក និងអ៊ីស្រាអែល បានបាញ់សាកល្បងប្រព័ន្ធមីស៊ីលការពារដែនអាកាស ប្រភេទ Arrow-2 ប្រកបដោយជោគជ័យ កាលពីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ហើយប្រទេសទាំង២នេះគ្រោងនឹងសហការគ្នា អភិវឌ្ឍប្រព័ន្ធមីស៊ីល Arrow-2 បន្ដទៀត។
ទីភ្នាក់ងារការពារមីស៊ីលអាមេរិក (MDA) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា រហូតមកដល់ពេលនេះ អាមេរិក និងអ៊ីស្រាអែល បានបាញ់សាកល្បងប្រព័ន្ធមីស៊ីលការពារដែនអាកាស Arrow-2 ប្រកបដោយជោគជ័យ ដោយវាអាចស្ទាក់ចាប់ និងបំផ្លាញគោលដៅយ៉ាងមានប្រសិទ្ធភាពបំផុត។
អាមេរិក និងអ៊ីស្រាអែល បានធ្វើតេស្ដប្រព័ន្ធមីស៊ីលការពារដែនអាកាស នាពេលនេះ គឺចំពេលនៅតំបន់មជ្ឈិមបូព៌ា មានភាពតានតឹងដាក់គ្នា រវាងអាមេរិក និងអ៊ីរ៉ង់។ រីឯការធ្វើតេស្ដ នាពេលនេះ ទាំងអ៊ីស្រាអែល និងអាមេរិក ក៏ចង់សម្ញើញសាច់ដុំដាក់ប្រទេសអ៊ីរ៉ង់ផងដែរ។
កន្លងមក កងទ័ពអ៊ីស្រាអែល បានដាក់ឲ្យប្រតិបត្តិការប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលិស្ទីក ប្រភេទ Arrow-2 នេះរួចមកហើយ ចាប់តាំងពីឆ្នាំ២០០០មកម៉្លេះ។ មីស៊ីលប្រភេទនេះ អាចចាត់ទុកជាមីស៊ីលដ៏ទំនើបបំផុតមួយរបស់អាមេរិក និងអ៊ីស្រាអែល ផងដែរ ព្រោះវាមានល្បឿនលឿនជាងសំឡេង រហូតដល់ទៅ៩ដង និងអាចកម្ទេចចំគោលដៅយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។
ប្រព័ន្ធការពារដែនអាកាស Arrow 2 នេះ អាចស្ទាក់ចាប់មីស៊ីលរបស់សត្រូវ នៅក្នុងចម្ងាយ ១៤៩គីឡូម៉ែត្រ។ ក្រោយការសាកល្បងប្រកបដោយជោគជ័យរួចមក កងទ័ពអ៊ីស្រាអែល កំពុងតែធ្វើសហប្រតិបត្ដិការជាមួយសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍប្រព័ន្ធមីស៊ីលជំនាន់ក្រោយបន្ថែមទៀត គឺមីស៊ីល Arrow-3៕