ខេត្តសៀមរាប៖ បុរស២នាក់បានចងចិត្តប្រតិព័ទ្ធទៅលើស្ត្រីមេម៉ាយម្នាក់ ជាម្ចាស់តូប ក៏កើតជាភ្លើងប្រចណ្ឌ រហូតឈានដល់ការបង្កហិង្សាដាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យម្នាក់បែកក្បាល និងម្នាក់ទៀត កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិតាកួយ ឃុំគោល ស្រុកអង្គជុំ។
មន្រ្ដីនគរបាលស្រុក បានបន្ដថា ជនរងគ្រោះ ឈ្មោះ លឿម គា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិគោកក្នាំង ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។ រីឯជនបង្ក ឈ្មោះ ឈឿម ឆេន ភេទប្រុស អាយុ៤៣ឆ្នាំ នៅក្នុងភូមិតាកួយ ឃុំគោល ស្រុកអង្គជុំ ខេត្តសៀមរាប។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្ក និងជនរងគ្រោះបានទៅលេងផ្ទះរបស់ស្រ្ដីមេម៉ាយម្នាក់ ឈ្មោះ ក ល អាយុ៤០ឆ្នាំ នៅភូមិតាកួយ ឃុំគោល ស្រុកអង្គជុំ ជាអ្នកលក់ដូរចាប់ហួយ។ លុះពេលពួកគេទៅដល់ ក៏បាននាំគ្នាផឹកស្រាជាមួយគ្នា នៅក្នុងតូបលក់ដូររបស់ស្រ្តីមេម៉ាយនោះ រហូតដល់ស្រវឹងជោកជាំ។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលស្រវឹងជោកជាំហើយ ពួកគេក៏បានឡែបខាយទៅលើស្ដី្រម្ចាស់តូបចុះឡើង ក៏កើតទៅជាភ្លើងប្រចណ្ឌ។ បន្ទាប់មក ដោយសារជនរងគ្រោះស្រវឹងខ្លាំង ក៏ ឡើងដេក នៅលើអង្រឹងក្បែរកន្លែងផឹក។ ចំណែកជនសង្ស័យ និងម្ចាស់ផ្ទះ បានផឹកជាមួយគ្នាបន្តទៀត។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឈ្មោះ ឈឿម ឆេន បានទាញកំណល់ឈើ ដែលកំពុងអង្គុយ វាយទៅលើជនរងគ្រោះចំក្បាល បណ្ដាលឲ្យរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវអ្នកភូមិបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ។ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នគរបាលស្រុកក្រឡាញ់ និងស្រុកអង្គជុំ សហការគ្នាស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង័្សយ នៅភូមិខ្សី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីនាំមកចាត់ការតាមច្បាប់៕