រាជធានីភ្នំពេញ៖ បុរសម្នាក់បានស្ទុះទៅវាយអតីតប្អូនថ្លៃ បណ្ដាលឲ្យបែកក្បាល បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅក្នុងសាលាសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ គ្រី សុខនី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១។ ចំណែកជនបង្ក (អតីតបងថ្លៃ) ឈ្មោះ ញឹម ឈិនលាង ភេទប្រុស អាយុ៣១ឆ្នាំ ។
ជនរងគ្រោះ បានឲ្យដឹងថា កាលពីពេលកន្លងមក គាត់ និងប្រពន្ធ បានរស់នៅមិនចុះសម្រុងនឹងគ្នា ទើបឈានដល់ការលែងលះគ្នា តាមផ្លូវច្បាប់។ រីឯតុលាការបានកាត់ក្តីឲ្យកូនប្រុស និងកូនស្រី ទាំង២នាក់របស់គាត់ រស់នៅជាមួយប្រពន្ធ ដោយគាត់ជាអ្នកចេញថ្លៃចិញ្ចឹមប្រចាំខែ។ ប៉ុន្តែកូនប្រុសអាយុ៨ឆ្នាំ មិនព្រមរស់នៅជាមួយម្តាយរបស់គេទេ ព្រោះតែអតីតប្រពន្ធរបស់គាត់ មើលថែកូនមិនបានល្អ ទើបគាត់ដាក់ពាក្យបណ្តឹង សុំធ្វើជាមេបាវិញម្ដង។
បុរសដដែល បានបន្ដថា កាលពីខែមុននេះ កូនប្រុសរបស់គាត់ បានមករស់នៅជាមួយគាត់។ លុះមកដល់រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃកើតហេតុ ខណៈគាត់កំពុងតែនៅផ្ទះសុខៗ ស្រាប់តែសមត្ថកិច្ចមកហៅគាត់ ឲ្យទៅដោះស្រាយគ្នាជាមួយនឹងអតីតប្រពន្ធ និងបងថ្លៃ នៅសាលាសង្កាត់ ជុំវិញបញ្ហារឿងកូន។ ប៉ុន្ដែនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ គាត់ និងអតីតប្រពន្ធ នឹងត្រូវឡើងតុលាការ ពាក់ព័ន្ធនឹងបណ្តឹងសុំប្តូរមេបានេះ។
ជនរងគ្រោះ បានបន្ដថា នៅពេលគាត់មកដល់សាលាសង្កាត់ ស្រាប់តែអតីតបងថ្លៃរបស់គាត់ បានស្ទុះមកវាយគាត់ពីក្រោយ ដោយប្រើប្រាស់វត្ថុរឹង មាននៅក្នុងដៃ បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាម នៅក្នុងសាលាសង្កាត់ ដោយមានមន្ត្រីជាច្រើនរូបឈរមើលថែមទៀតផង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងចាត់ការជនបង្កតាមច្បាប់។ រីឯជនបង្កជាបងថ្លៃ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕