(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានក្រុមជនរងគ្រោះចំនួន ១០នាក់ បានសម្រេចនាំគ្នាដាក់ពាក្យប្តឹងចូលសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីទាមទាររកយុត្តិធម៌ពាក់ព័ន្ធករណីទំនាស់ដីធ្លីទំហំ ១១៣ហិកតា ស្ថិតនៅចំណុចអូរស្វារអិល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមពាក្យបណ្តឹងចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា ជនរងគ្រោះបានប្តឹងមនុស្សចំនួន ១៧នាក់ ដែលនៅក្នុងចំណោមនោះក៏មានលោក ប៉ាល់ សេដ្ឋា អតីតចៅសង្កាក់និមិត្ត, លោក ង៉ោ ម៉េងជ្រួន អតីតអភិបាលក្រុងប៉ោយប៉ែទ, លោក ប្រាក់ ប៉ូលី អតីតប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ (អតីតប្រធានការិយាល័យភូមិបាលក្រុងប៉ោយប៉ែត) និងលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ (អតីតប្រធានសុរិយោដីខេត្តបន្ទាយមានជ័យ) ផងដែរ។
ក្រុមប្រជាពលរដ្ឋ បានប្តឹងអ្នកទាំង ១៧នាក់ពីបទ ក្លែងបន្លំឯកសារ, បទ ប្រើប្រាស់ឯកសារសាធារណៈក្លែង, បទ បំភាន់មន្ត្រីសុរិយោដីក្នុងការចុះបញ្ជីដីធ្លី, បទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារ, បទ សមគំនិតក្នុងអំពើប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទ សមគំនិតក្នុងអំពើបំភាន់មន្ត្រីសុរិយោដីក្នុងការចុះបញ្ជីដីធ្លី។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៥១គ្រួសារ បានទទួលដីទាំងអស់នោះពីរដ្ឋចែក និងកាន់កាប់ចាប់តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ លុះដល់ឆ្នាំ២០១៥ឈ្មោះ ទុយ វ៉ាន់នី ជាមេក្លោង និងបក្ខពួក បានលួចធ្វើប្លង់រឹងយកដីរបស់ប្រជាពលរដ្ឋ ដោយមានមន្ត្រីមូលដ្ឋាន និងមន្ត្រីជំនាញខាងលើជាអ្នកជួយជ្រោមជ្រែង សហការគប់គិតគ្នាបំភាន់ និងបន្លំឯកសារលួចចុះបញ្ជីយកដីរបស់ប្រជាជនទំហំ ១១៣ហិកតា យកទៅធ្វើជាកម្មសិទ្ធិដោយទុច្ចរិត៕