រាជធានីភ្នំពេញ៖ ស្រ្ដីម្នាក់ដែលធ្លាក់ពីលើអគារជាន់ទី៦ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់លេខ៦០៣ ជាន់ទី៦ នៃសណ្ឋាគាររំដួលហ្គ្រេន ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នោះ រហូតមកដល់ថ្ងៃទី១២ ខែសីហា ទើបដឹងការពិត គឺនាងលោតចុះមកក្រោម ដើម្បីគេចពីការធ្វើទារុណកម្មពីសំណាក់ថៅកែរបស់នាង។
ស្រ្ដីជនរងគ្រោះជាជនជាតិវៀតណាម អាយុ៣២ឆ្នាំ មុខរបរម៉ាស្សា បានឲ្យដឹងថា នាងមកពីប្រទេសវៀតណាម ហើយធ្វើការ នៅក្នុងសណ្ឋាគារខាងលើ អស់រយៈពេលប្រហែល១ខែកន្លះកន្លងមកហើយ។ លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ថៅកែរបស់នាង (ជនសង្ស័យ) ឈ្មោះ តុង សីឡុង ហៅឡុង បានវាយដំ និងបង្ខំនាងឲ្យអូសទាញនារីស្អាតៗមកពីវៀតណាម ដើម្បីឲ្យមកធ្វើការជាមួយគាត់ (ជនសង័្សយ) ។ ប៉ុន្តែនាងបានប្រាប់ទៅជនសង័្សយថា នាងមិនអាចរកបានទេ។ ក្រោយមកនាងក៏បានលួចរត់ចេញពីសណ្ឋាគារខាងលើ ហើយទៅធ្វើការ នៅកន្លែងផ្សេង។
ស្រ្តីរងគ្រោះ បានបន្ដថា រហូតមកដល់វេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទីទី១១ ខែសីហា ឆ្នាំ២០២០ (ថ្ងៃកើតហេតុ) ក៏មាននារីជាជនជាតិចិន ដែលជាអ្នកម៉ាស្សា និងធ្លាប់ធ្វើការជាមួយនាង នៅសណ្ឋាគារខាងលើ បានចុចទូរស័ព្ទមកឲ្យនាងឲ្យជួយ ព្រោះថៅកែវាយធ្វើបាបគាត់។ឮបែបនេះ នាងបានធ្វើដំណើរទៅកាន់សណ្ឋាគារនោះវិញ។ លុះពេលនាងឡើងមកដល់ជាន់ទី៦ ស្រាប់តែថៅកែ (ជនសង្ស័យ) បានស្ទុះមកចាប់ដៃនាង អូសចូលក្នុងបន្ទប់កើតហេតុ
វាយធ្វើបាបនាង អស់រយ:ពេលជាច្រើនម៉ោង។
ជនរងគ្រោះ បានបន្ដថា មិនត្រឹមតែធ្វើទារុណកម្មលើរាងកាយរបស់នាងប៉ុណ្ណោះងទេ ថៅកែនោះថែមទាំងចាប់នាងរំលោភ រហូតបានសម្រេចចំនួន២លើកថែមទៀតផង។ បន្ទាប់មក ថៅកែនោះបានចេញពីបន្ទប់កើតហេតុ ហើយដើរទៅកាន់បន្ទប់ផ្សេង ដើម្បីងូតទឹក ។ ប៉ុន្ដែមុននឹងដើរចេញទៅនោះ ជនសង័្សយបានគំរាមកំហែងនាងថា គេនឹងមកវាយនាងម្តងទៀត ពេលងូតទឹក។ នៅពេលឃើញមានឱកាសល្អ នាងបានយកស្រោមពូក និងស្រោមខ្នើយ មកចងភ្ជាប់ ធ្វើជាខ្សែសម្រាប់សម្រូតខ្លួនតាមបង្អួច នៃបន្ទប់សណ្ឋាគារ ចុះមកក្រោម។ ជាអកុសល ស្រោមខ្នើយ និងពូកនោះ មិនអាចទ្រទម្ងន់របស់នាងបានក៏ដាច់ ហើយនាងបានធ្លាក់មកទើរ នៅត្រឹមជាន់ទី៤ បង្កឲ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញទៅធ្វើអន្ដរាគមន៍។
ដោយឡែកប្រភពព័ត៌មានផ្សេងទៀត បានដាក់ការសង័្សយទៅលើអំពើចាប់ជំរិត ហើយករណីនេះដោយសារជនរងគ្រោះភ័យក៏លោតចុះមកក្រោម ដើម្បីគេចខ្លួនពីក្រុមជនដៃដល់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ នាំទៅសាកសួរ និងចាត់ការតាមនីតិវិធី៕