នៅក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងបន្ដធ្លាក់ ចាប់ពីកម្រិតមធ្យមដល់បង្គួរ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ហើយក្រសួងធនធានទឹក បានក្រើនរំឭក សុំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីបាតុភូតធម្មជាតិ ផ្គរ រន្ទះ និងខ្យល់ព្យុះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅប្រទេសកម្ពុជា បាននិងកំពុងទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹង ខ្យល់មូសុងនិរតីខ្សោយ។ ខណ:នេះព្យុះចំនួន២កំពុងកើតមាន ក្នុងនោះ ព្យុះទី៥ ឈ្មោះ ហ្សាងមី (JANGMI) ស្ថិតនៅក្បែរឧបទ្វីបកូរ៉េ នឹងបន្តដំណើរទៅភាគខាងជើង, រីឯនៅក្នុងសមុទ្រចិនខាងត្បូង ទន្ទឹមនឹងកោះតៃវ៉ាន់ ព្យុះទី៦ ឈ្មោះ មេខាឡា (MEKKHALA) បាននិងកំពុងធ្វើដំណើរទៅកាន់ខេត្តណាន់ជីន ប្រទេសចិន ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យមានភ្លៀងរោយប៉ាយពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី១២ ទៅ ១៣ ខែសីហា ហើយបន្តបន្ទាប់មកទៀត នឹងធ្វើឱ្យបរិមាណទឹកភ្លៀងធ្លាក់ ចាប់ពីមធ្យមទៅបង្គួរ រហូតដល់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ។
ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចឡើងជាយថាហេតុ៕