ការផ្ទុះដ៏ធំនៅទីក្រុងប៉េរូត ប្រទេសលីបង់ កាលពីថ្ងៃទី៤ ខែសីហា នោះ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងជាង១០០នាក់ និងជាង៤ពាន់នាក់ផ្សេងទៀតរងរបួស ហើយរហូតមកដល់ពេលនេះ ប្រធានាធិបតី បានកោះប្រជុំជាបន្ទាន់ ដើម្បីដាក់ប្រទេស ក្នុងគ្រាអាសន្ន។
បើតាមសារព័ត៌មាន Al Jazeera បានផ្សាយថា នៅថ្ងៃទី៥ ខែសីហា នេះ ប្រធានាធិបតីលីបង់ លោក Michel Aoun បានកោះប្រជុំគណ:រដ្ឋមន្រ្ដីជាបន្ទាន់ ហើយលោកប្រធានាធិបតីបានបញ្ជាក់ថា ស្ថានភាពដាក់រដ្ឋក្នុងគ្រាអាសន្ន រយ:ពេល២សប្ដាហ៍ នឹងត្រូវប្រកាសឡើង ក្រោយការផ្ទុះដ៏ធំ នៅទីក្រុងបេរូត ដែលបានសម្លាប់មនុស្សយ៉ាងតិច១០០នាក់ និងរបួសជាង៤ពាន់នាក់។
ការផ្ទុះដ៏ធំនេះ បានកើតឡើង កាលពីថ្ងៃទី៤ ខែសីហា ហើយផ្សែងបានហុយគ្របដណ្ដប់ពាសពេញទីក្រុងបេរូត។ ហេតុការណ៍នេះបានបង្កគ្រោះមហន្ដរាយដល់ជាយរដ្ឋធានីនេះថែមទៀតផង។
មន្រ្ដីលីបង់ បានបញ្ជាក់ថា ចំនួអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ដោយសារក្រុមសង្រ្គោះបន្ទាន់ កំពុងបន្ដស្វែងរកអ្នកនៅរស់រានមានជីវិត។ ទោះជាយ៉ាងណា មូលហេតុ នៃការផ្ទុះខាងលើនេះ គឺគេនៅមិនទាន់ដឹងច្បាស់ ហើយស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ នៅក្នុងឃ្លាំង នៅឯកំពង់ផែនោះ មានការស្ដុក Ammonium ដែលរឹបអូសបាន មានរហូតដល់ជាង ២៧៥០តោន ហើយត្រូវបានស្ដុក នៅទីនោះ អស់រយ:ពេល៦ឆ្នាំមកហើយ៕
.