ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានទទូចដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឱ្យចៀសវាងពីការធ្វើជាឧទាហរណ៍មួយដែលប្រទេសដទៃទៀត អាចធ្វើតាម ដោយធ្វើបាបប្រឆាំងនឹងអាជីវកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីក្រុងវ៉ាស៊ីនតោនទាមទារឱ្យលក់កម្មវិធីវីដេអូ TikTok ទៅឱ្យសាជីវកម្មអាមេរិកព្រោះថា សហរដ្ឋអាមេរិក អាចនឹងរងគ្រោះដល់កាលៈទេសៈស្រដៀងគ្នានេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Wang នៅឯសន្និសីទកាសែតមួយថា “បន្ទាប់ពីតក្កវិជ្ជាដែលមិនត្រឹមត្រូវរបស់សហរដ្ឋអាមេរិកប្រទេសណាមួយអាចចាត់វិធានការស្រដៀងគ្នានឹងក្រុមហ៊ុនអាមេរិកណាមួយ ក្រោមលេសនៃការការពារសន្តិសុខជាតិ។ សហរដ្ឋអាមេរិកមិនគួរបើកប្រអប់ Pandoraទេ បើមិនដូច្នេះទេពួកគេនឹងទទួលបានផ្លែល្វីងដោយខ្លួនឯង”។
អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន យកចិត្តទុកដាក់ដល់សហគមន៍អន្តរជាតិ និងសាធារណជនអាមេរិក និងកុំធ្វើនយោបាយបែបសេដ្ឋកិច្ច ប៉ុន្តែត្រូវផ្តល់បរិយាកាសបើកចំហរ និងមិនរើសអើងការវិនិយោគសេរី និងបរិយាកាសធុរកិច្ចសម្រាប់ក្រុមហ៊ុន។
សូមជម្រាបថា កាលពីថ្ងៃច័ន្ទលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯសេតវិមានថា លោកបានកំណត់យកថ្ងៃទី ១៥ ខែកញ្ញាជាថ្ងៃផុតកំណត់សម្រាប់កម្មវិធីថតវីដេអូ TikTok ដែលនឹងត្រូវទិញដោយក្រុមហ៊ុនអាមេរិកដូចជាក្រុមហ៊ុន Microsoft ឬបិទកម្មវិធីនេះចោល៕