ភ្នំពេញ ៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម បានជួបពិភាក្សាការងារ និងប្រគល់ ទទួលផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម នាថ្ងៃទី១ ខែសីហាឆ្នាំ ២០២០។
ភាគីកម្ពុជា តំណាងដោយលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងវៀតណាមតំណាងដោយលោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋ នៃក្រសួងការបរទេស បានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពទទួលយកសៀវភៅផែនទីឋានលេខាព្រំដែន ដែលបានចងក្រងរួច ចំនួន៥០០ច្បាប់ដើម ក្នុងនោះភាសាខ្មែរ-វៀតណាមចំនួន២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន ២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម (album) បានល្អ ត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួនតទៅ។
ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០នេះ បានបង្ហាញពេញលេញលទ្ធផលខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែល ប្រទេសទាំងពីសម្រេចបាន។ ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.០ ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែនបង្គោលព្រំដែន រួមនិងស្ថានភាពភូមមិសាស្រ្តនៅ លើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១០០ ០០០នោះទេ៕