ប៉ារីស ៖ ក្លិបអ្នកមានបារាំង Paris Saint-Germain (PSG) នឹងអវត្តមានកីឡាករខ្សែប្រយុទ្ធជួរមុខ Kylian Mbappe ដោយសាររបួសកជើង (ankle) ក្នុងជំនួបធំទល់នឹងក្រុម Atalanta របស់អ៉ីតាលី ក្នុងវគ្គ ៨ក្រុមនៃពានរង្វាន់អឺរ៉ុប UEFA Champions League នាខែក្រោយនេះ។
តាមរយៈសារព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយនៅថ្ងៃនេះថា កីឡាករសញ្ជាតិបារាំង វ័យ២១ឆ្នាំ Mbappe បានរងរបួសកជើងជាទម្ងន់ក្នុងជំនួបដែលបានជួយឲ្យ PSG លើកពាន France Cup ក្រោយយកឈ្នះគូប្រជែង Saint-Etienne នៅវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីសុក្រសប្តាហ៍មុន ដែលធ្វើឲ្យរូបគេត្រូវការរយៈពេល ៣សប្តាហ៍ផងដែរ ដើម្បីព្យាបាល។
តែយ៉ាងណា Mbappe នឹងអាចចូលជួយក្រុមជើងឯកបារាំងបានវិញ ប្រសិនបើ PSG ឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនាថ្ងៃទី១៨ ខែសីហា មុនជួប Atalanta នៅថ្ងៃទី១២ ខែសីហា ប្រកួតនៅទឹកដីកណ្តាលនៃប្រទេសព័រទុយហ្គាល់។
Mbappe ជាដៃគូប្រយុទ្ធដ៏សំខាន់ជាមួយ Icardi និង Neymar សម្រាប់តំណែងប្រយុទ្ធដ៏មុតស្រួចក្នុងក្លិប PSG ដែលរូបគេតែងតែរកគ្រាប់បាល់បានជារឿយៗ យ៉ាងហោចណាស់ក៏ assists ឲ្យមិត្តរួមក្រុមស៊ុតដែរ៕