ខេត្តត្បូងឃ្មុំ÷ ពិតជា រន្ធត់ខ្លាំងណាស់ មនុស្សប្រុសស្រី ៣ នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពី ជិះម៉ូតូ ជែង រួចជ្រុល ទៅបុកនឹងរថយន្តដឹកខ្សាច់ បណ្តាលឱ្យ កិន អូស ទាំង ម៉ូតូ ទាំង មនុស្ស ដាច់ខ្លួនដាច់ដៃ ដាច់ជើង មនុស្សស្រី២ នាក់ យ៉ាងអាណោចអាធ័មបំផុត។
ប្រភពព័ត៌មានពី លោក គង់ ស៊ីហុង អធិការ រង នគរបាល ចរាចរណ៍ស្រុកត្បូងឃ្មុំ បាន ឱ្យដឹងថា ហេតុការណ៍ដ៏ រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ០៨:៥៥ នាទី ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២០ ស្ថិតនៅ ចន្លោះបង្គោលគីឡូម៉ែត្រ ១២៣-១២៤ ចំណុចមុខដីភូមិឈ្មោះអាន ម៉ាឌី ភេទប្រុស ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកអធិការ រង បានបញ្ជាក់ថា នៅ ពេលកើតហេតុមាន ម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីម សេរី 2018 ពាក់ស្លាកលេខត្បូងឃ្មុំ1F-5029 បើកបរដោយឈ្មោៈ អោក សៅ ហៅ(ម៉ាប់) ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិ ខ្នប់ដំរីត្បូង ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) បានឌុបមនុស្សស្រី02នាក់ គឺ ប្រពន្ធឈ្មោះ សន សុខខឿន ភេទស្រី អាយុ៣៤ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) និងម្នាក់ទៀត ឈ្មោៈ ស៊ិន សុខខេន ភេទស្រី អាយុ២៧ ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) ។
ក្នុងហេតុការណ៍នោះ ជនរងគ្រោះ បានជិះម៉ូតូ ជែង រថយន្ត តូចមួយគ្រឿង ក្នុងទិសដៅ បញ្ច្រាសគ្នា ពី ត្បូង ទៅ ជើង រួចក៏ ជ្រុលទៅបុក ជាមួយរថយន្តម៉ាក ហ៊ីយុនដាយ ពណ៌ ស ពាក់ស្លាកលេខ រតនៈគីរី 3A.0077 មិនស្គាល់ឈ្មោៈនិងអាស័យដ្ឋានអ្នកបើកបរ ដោយ អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ច ជំនាញចរាចរណ៍ស្រុកត្បូងឃ្មុំ បានចុះ វាស់វែង ដោយយក វត្ថុតាង រថយន្ត ដឹកខ្សាច់ និង ម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បី ចាត់ការតាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយ អន្តរាគមន៍ ទាក់ទងទៅ ក្រុមគ្រួសារ ជនរងគ្រោះ មក យក សពជនរងគ្រោះទាំង៣ នាក់ ទៅធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកំណើតផងដែរ៕