ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់លិខិតបញ្ជាក់ការសិក្សា វគ្គបំប៉នសមត្ថភាព មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងនគរបាលសណ្តាប់ធ្នាប់ ចំនួន១០វគ្គ សិក្ខាកាមដែលបានចូលរួមសរុប ៨៣៧នាក់ (ស្រី ៤៣នាក់) ចាប់ពីថ្ងៃទី០៦ ខែមេសា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងពិធីនេះដែរមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ និងអធិការរង ទទួលការងារសណ្តាប់ធ្នាប់ និងចរាចរណ៍ រួមទាំងមន្ត្រីជាច្រើនរូបទៀត។
ជាលទ្ធផលក្នុងវគ្គបំប៉នសមត្ថភាព ចំនួន១០វគ្គគឺ៖
១.និទ្ទេស ល្អ ចំនួន ៧០៣នាក់ ត្រូជា ៩៣.៨៥%
២.និទ្ទេស ល្អបង្គួរ ចំនួន ២៦នាក់ ត្រូវជា ០៣.៤៧%
៣.និទ្ទេស មធ្យម ចំនួន ២០នាក់ ត្រូវជា ០២.៦៧%
បន្ទាប់ពីអានរបាយការណ៍ជូនអង្គប្រជុំដោយ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ នាយការនិយាល័យបណ្តុះបណ្តាល ឯកឧត្តមស្នងការ និងលោក លោកស្រីស្នងការរង បានអញ្ជើញផ្តល់លិខិតបញ្ជាក់ការសិក្សាដល់មន្ត្រីទាំងអស់ដែលទើបបញ្ចប់វគ្គបំប៉នសមត្ថភាពនេះផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមស្នងការបានកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមបំប៉នសមត្ថភាពដោយទទួលលទ្ធផលល្អជាច្រើននាក់ ។ ឯកឧត្តម ប្តថា វគ្គនេះផ្តោតសំខាន់លើការហ្វឹកហាត់វិធីការពារខ្លួន និងការអនុវត្តច្បាប់ឲ្យបានកាន់តែប្រសើរឡើង ការហ្វឹកហាត់ធ្វើឡើងដើម្បីបំពេញបន្ថែមនៅចំណុចខ្វះខាតមួយចំនួន។
ឯកឧត្តមស្នងការ ក៏បានក្រើនរំលឹក និងបានណែនាំដល់អង្គប្រជុំទាំងអស់ត្រូវតែគោរពវិន័យកងកម្លាំង មានសីលធម៌ កាយវិការសមរម្យ ក្នុងការអនុវត្តការងារ។ ជាមួយនោះដែរ ឯកឧត្តមស្នងការបានធ្វើការសង្កត់ធ្ងន់ឲ្យប្រធានអង្គភាពទាំងអស់ត្រូវតាមដាន គ្រប់គ្រងមន្ត្រីរបស់ខ្លួនឲ្យបានល្អ ហាមដាច់ខាតចេញទៅធ្វើការផ្សេងនៅខាងក្រៅអង្គភាព ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អដើម្បីឲ្យការអនុវត្តការងារឲ្យបានល្អ និងរលូន។
ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសើរដល់មន្ត្រីអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដែលបានអនុវត្តបានល្អ និងត្រឹមត្រូវតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ឯកឧត្តមបានបញ្ជាក់បន្ថែមដល់មន្ត្រីតាមគោលដៅទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានគ្រប់គោលដៅ៕