អាមេរិក៖ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយដើម្បីបញ្ឈប់ការអនុគ្រោះដល់ហុងកុង នៅពេលរដ្ឋបាលរបស់លោកបានអះអាងថា
ហុងកុងដូចគ្នានឹងចិនដីគោក។ លោក Trump បាននិយាយថាលោកក៏បានចុះហត្ថលេខាលើច្បាប់ទ្វេភាគីដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីចិនដែលបង្ក្រាបសិទ្ធិមនុស្សនៅហុងកុងផងដែរ។ ការសម្រេចចិត្តបែបនេះ នៅពេលប្រជាជនជាច្រើននៅលើទឹកដីនេះស្ថិតក្រោមច្បាប់សន្តិសុខថ្មីដែលកំណត់ដោយទីក្រុងប៉េកាំងនឹងអាចបញ្ចប់នូវឋានៈពិសេសរបស់ហុងកុងដែលបានព្រមព្រៀងនៅក្នុងកតិកាសញ្ញាឆ្នាំ ១៩៨៤ រវាងចិន និងចក្រភពអង់គ្លេសក្នុងពេលប្រគល់ទឹកដីហុងកុងមកអោយចិនដីគោគ។
តាមរយៈសន្និស័ទមួយថ្លែងនៅក្នុងសួន Rose Garden លោក Trump បាននិយាយថាបទបញ្ជាប្រតិបត្តិរបស់លោកនឹងបញ្ឈប់ការអនុគ្រោះដល់ហុងកុងដោយលោកនឹងចាប់ផ្តើមពិចារណាឡើងវិញនូវឋានៈពិសេសរបស់ទឹកដីនេះ តាមរយៈបញ្ឈប់ផ្ដល់ជំនួយសេដ្ឋកិច្ចពិសេស និងគ្មានការនាំចេញបច្ចេកវិទ្យារថ្មីៗដែលគាំទ្រដល់ទីក្រុងមួយនេះ។